តាកែវ៖ នាព្រឹកថ្ងៃអាទិត្យ ទី២៨ ខែធ្នូ ឆ្នាំ២០២៥នេះ លោក ញ៉ែម ស្រស់ អភិបាលរងខេត្តតាកែវ និង លោក កង អាណាន់ អភិបាល នៃគណៈអភិបាលក្រុងដូនកែវ និងភរិយា ព្រមទាំងថ្នាក់ដឹកនាំរដ្ឋបាលក្រុង បានអញ្ជើញនាំយកអំណោយរបស់សប្បុរសជន «បេះដូងមហាគ្រួសារខ្មែរ របស់រដ្ឋបាលខេត្ត និងក្រុងដូនកែវ» មកប្រគល់ជូន បញ្ជាការដ្ឋានកងអង្គរក្ស ដើម្បីចាត់ចែងបញ្ជូនបន្តទៅដល់វីរកងទ័ពកំពុងឈរជើង ប្រចាំការនៅសមរភូមិមុខតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ។

ក្នុងឱកាសប្រគល់ទទួលអំណោយសប្បុរសជននេះដែរ ក៏មានការអញ្ជើញទទួលដោយ លោកជំទាវ ហ៊ីង សុខលាភ ណុបរ័ត្ននិមល តំណាង ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការបញ្ជាការដ្ឋានកងអង្គរក្ស។

ក្នុងឱកាសនោះដែរ លោក ញ៉ែម ស្រស់ អភិបាលរងខេត្តតាកែវ និងលោក កង អាណាន់ អភិបាលក្រុងដូនកែវ បានមានប្រសាសន៍ថា អំណោយដែលនាំយកមកផ្ដល់ជូនបញ្ជាការដ្ឋាន នាពេលនេះ គឺបានមកពីសប្បុរសជនជិតឆ្ងាយ បានចូលរួមជាមួយ រដ្ឋបាលខេត្ត និងក្រុងដូនកែវ ដើម្បីទុកសម្រាប់បរិច្ចាក ដល់វីរកងទ័ពឈរជើងនៅសមរភូមិ ក៏ដូចជាចាត់ចែងផ្ដល់ជូនបងប្អូនជនភៀសសឹក នៅមកស្នាក់នៅបណ្ដោះ អាសន្ននៅមូលដ្ឋានខេត្តតាកែវ ក៏ដូចជាក្នុងក្រុងដូនកែវ។
ឆ្លៀតក្នុងឱកាសនោះ លោកជំទាវ ហ៊ីង សុខលាភ ណុបរ័ត្ននិមល ក៏បានសម្ដែងនូវការថ្លែងអំណរគុណចំពោះទឹកចិត្ត របស់ មន្ត្រីរាជការ ជាពិសេសបងប្អូនប្រជាពលរដ្ឋក្នុងខេត្តតាកែវ ដែលមានស្មារតីទឹកចិត្តស្នេហាជាតិ ដោយបានចំណាយ នូវធនធានផ្ទាល់ខ្លួន ទាំងថវិកានិងសម្ភារ:ជាស្បៀងអាហារ ឧបត្តម្ភដល់វីរកងទ័ពនៅសរភូមិមុខ និងជនភៀសសឹក៕









