ឱកាសការងារជាង៨ម៉ឺនកន្លែងនៅទូទាំងប្រទេស សម្រាប់បងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ

សង្គម​ និង​សេដ្ឋកិច្ច

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៦ បានឱ្យដឹងថា ឱកាសការងារចំនួន ៨១ ៧០៧កន្លែង នៅតាមរាជធានី-ខេត្ត កំពុងរង់ចាំបងប្អូនប្រជាពលរដ្ឋដែលកំពុងស្វែងរកការងារធ្វើ ជាពិសេសបងប្អូនអតីតពលករ ដែលវិលត្រឡប់មកពីប្រទេសថៃ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រសួងការងារបានបន្ថែមថា រាជធានី-ខេត្ត ដែលមានឱកាសការងារ រួមមាន៖ រាជធានីភ្នំពេញ មានចំនួន ២៥ ២១២កន្លែង, ខេត្តកំពង់ស្ពឺមានចំនួន ១៩ ០២៣កន្លែង, ខេត្តកណ្ដាលមានចំនួន ១០ ៦៩៥កន្លែង, ខេត្តតាកែវមានចំនួន ៨ ៧៧៤កន្លែង, ខេត្តស្វាយរៀងមានចំនួន ៥ ២៥១កន្លែង, ខេត្ដកំពង់ឆ្នាំង ៤ ៥១៨កន្លែង, ខេត្ដព្រះសីហនុ ១​ ៦៥៩កន្លែង, ខេត្ដក្រចេះ ១ ​១៨២កន្លែង, ខេត្ដរតនគិរី ១​​ ១៣៦កន្លែង, ខេត្ដកំពង់ចាម ៨១៩កន្លែង, ខេត្ដកោះកុង ៨០៥កន្លែង, ខេត្តត្បូងឃ្មុំ ៥៣៧កន្លែង, ខេត្ដបាត់ដំបង ៣៨៦កន្លែង, ខេត្ដស្ទឹងត្រែង ៣៤៥កន្លែង, ខេត្ដមណ្ឌលគិរី ៣១០កន្លែង, ខេត្ដកំពង់ធំ ២៧១កន្លែង, ខេត្ដព្រៃវែង ២៥០កន្លែង, ខេត្ដព្រះវិហារ ២៤៧កន្លែង, ខេត្ដពោធិ៍សាត់ ១៤៤កន្លែង, ខេត្ដឧត្ដរមានជ័យ ៦០កន្លែង, ខេត្ដកំពត ៤០កន្លែង, ខេត្ដប៉ៃលិន ២២កន្លែង និងខេត្ដសៀមរាប ២១កន្លែង។

ក្រសួងការងារ បានគូសបញ្ជាក់ថា គិតមកដល់ពេលនេះ មានបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃចំនួនជាង ៣០ម៉ឺននាក់ហើយ បានទទួលការងារតាមរយៈយន្ដការរបស់ក្រសួង។ ចំណែកឯបងប្អូនអតីតពលកររាប់ម៉ឺននាក់ផ្សេងទៀត បានទទួលការងារធ្វើនៅតាមការដ្ឋានសំណង់ សិប្បកម្ម និងភោជនីយដ្ឋាន ជាដើម។

ជាថ្មីម្ដងទៀត ក្រសួងក៏បានបន្តអំពាវនាវដល់បងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ ដែលមិនទាន់ទទួលបានការងារងារធ្វើ សូមទាក់ទងទៅលេខទូរសព្ទ ១២៩៧ ដើម្បីឱ្យក្រសួងជួយសម្របសម្រួលស្វែងរកការងារជូន៕