ក្រសួងមហាផ្ទៃ ធ្វើច្បាប់គ្រប់គ្រងអាកាសយានគ្មានមនុស្សបើក ខណៈកិច្ចការងារនេះថ្មីសម្រាប់កម្ពុជា

សង្គម​និង​សេដ្ឋកិច្ច

ក្រសួងមហាផ្ទៃ នៅថ្ងៃព្រហស្បតិ៍ ទី១០ កុម្ភៈនេះ បានបើកកិច្ចប្រជុំពិនិត្យសេចក្តីព្រាង អនុក្រឹត្យស្តីពីការគ្រប់គ្រងអាកាសយានគ្មានមនុស្សបើក ឬដ្រូន ខណៈកិច្ចការងារនេះ គឺជាការងារថ្មីសម្រាប់ប្រទេសកម្ពុជា ដែលត្រូវធ្វើការសិក្សាស្រាវជ្រាវ ដើម្បីរៀបចំវិធានគ្រប់គ្រងអាកាសយានគ្មានមនុស្សបើក សំដៅធានាថែរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ និងឯកជនភាព។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ប៊ុន ហុន រដ្ឋលេខាធិការ និងជាប្រធានក្រុមការងាររៀបចំអនុក្រឹត្យនេះ បញ្ជាក់ថា សេចក្តីព្រាងអនុក្រឹត្យនេះមានការចូលរួមផ្តល់ធាតុចូល ពីសំណាក់ក្រុមប្រឹក្សានីតិកម្ម និងអង្គភាពពាក់ព័ន្ធនានាក្រោមចំណុះក្រសួងមហាផ្ទៃ ចំនួន៤៦លើករួចមកហើយ ដើម្បីឱ្យសេចក្តីព្រាងក្រឹត្យនេះកាន់តែមានសុក្រឺត្យ និងវិសាលភាព។

បើតាមលោក ប៊ុន ហុន ក្រុមការបានរៀបចំកិច្ចប្រជុំអន្តរក្រសួង បានចំនួន ៣លើក ដែលមានការចូលរួមពីក្រសួង ចំនួន៨ ដូចជា៖ ក្រសួងមហាផ្ទៃ, ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្តបច្ចេកវិទ្យា និងនវានុវត្តន៍, ក្រសួងពាណិជ្ជកម្ម, ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍, ក្រសួងព័ត៌មាន និងរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល។

ជាមួយគ្នានេះ ឧត្តមសេនីយ៍ឯក ប៉ាង រ៉ាស៊ី អនុប្រធានក្រុមប្រឹក្សានីតិកម្ម ក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ពីដំណើរការតាក់តែងសេចក្តីព្រាងអនុក្រឹត្យការគ្រប់គ្រងអាកាសយានគ្មានមនុស្សបើក ឬដ្រូន ថា សេចក្តីព្រាងនេះបានរៀបចំតាក់តែងឡើងតាំងពីឆ្នាំ២០១៨ ដោយបានធ្វើការសិក្សាស្រាវជ្រាវពីបណ្តាប្រទេសជាច្រើនពីតំបន់អ៊ឺរ៉ុប និងនៅក្នុងតំបន់អាស៊ីដើម្បីធ្វើជាមូលដ្ឋាន។

សូមជម្រាបជូនថា អនុក្រឹត្យស្តីពីការគ្រប់គ្រងអាកាសយានគ្មានមនុស្សបើក ឬដ្រូន មាន៨ជំពូក និង៣៥មាត្រា។ អនុក្រឹត្យនេះ មានគោលបំណងគ្រប់គ្រងការចុះបញ្ជី ការអនុញ្ញាតផលិត ការកែច្នៃ ការកំណត់តំបន់ហាមឃាត់ និងការប្រើប្រាស់អាកាសយានគ្មានមនុស្សបើក ឬដ្រូន គ្រប់ប្រភេទដើម្បីធានាសន្តិសុខ សណ្តាប់សាធារណៈនៅកម្ពុជា។

ទន្ទឹមនឹងនោះ អនុក្រឹត្យនេះមានវិសាលភាពអនុវត្តន៍ចំពោះអាកាសយានគ្មានមនុស្សបើក ឬដ្រូនគ្រប់ប្រភេទ និងអ្នកប្រើប្រាស់ អ្នកផលិត អ្នកតម្លើង អ្នកកែច្នៃនៅលើដែនដីនៃកម្ពុជាលើកលែងតែអាកាសយានគ្មានមនុស្សបើក ឬដ្រូន ដែលប្រើប្រាស់សម្រាប់បម្រើឱ្យវិស័យការពារជាតិ និងសន្តិសុខជាតិ ដែលត្រូវកំណត់ដោយលិខិតបទដ្ឋានគតិយុត្តដោយឡែក៕