នៅល្ងាចថ្ងៃអាទិត្យ ទី៤ ខែមករា ឆ្នាំ២០២៥នេះ រដ្ឋបាលខេត្ដស្ទឹងត្រែង នឹងរៀបចំព្រឹត្តិការណ៍រាត្រីវប្បធម៌ នៅវេទិកានាគជ័យ នៃទីលានតេជោ-ធិបតី ក្រោមមូលបទ «ស្ទឹងត្រែង បេះដូងនៃវប្បធម៌»។

យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្ដស្ទឹងត្រែង បានឱ្យដឹងថា នៅក្នុងព្រឹត្តិការណ៍រាត្រីវប្បធម៌នេះ នឹងមានការគោរពភ្លេងជាតិនៃព្រះរាជាណាចក្រកម្ពុជា, គោរពវិញ្ញាណក្ខន្ធវីរកងទ័ព, ការប្រគំភ្លេងអារក្ស , សុន្ទរកថាបើកព្រឹត្តិការណ៍រាត្រីវប្បធម៌ ដោយលោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង។
បន្ថែមពីនោះក៏នឹងមាន ទស្សនីយភាព របាំទេពមនោរម្យ , ការសម្ដែងឧបករណ៍គ្រឿងផ្លុំស្នែង និងប៉ីពក,ទស្សនីយភាព របាំមុនីមេខឡា, ទស្សនីយភាពល្ខោនខោល រឿងរាមកេរ្តិ៍, ទស្សនីយភាព របាំព្លយសួយ, ចម្រៀងរួមគ្នា បទ “គន់មើលទៅមេឃ” និងកម្មវិធីចុងក្រោយ គណៈអធិបតីជូនកន្ត្រកផ្កាដល់សិល្បករ សិល្បការិនី៕


