គម្រោងអគ្គិសនីដើរដោយឧស្ម័ន LNG ៩០០មេហ្កាវ៉ាត់ នឹងដាក់ឱ្យដំណើរការនៅចុងឆ្នាំ២០២៦ និង២០២៧

សង្គម​ និង​សេដ្ឋកិច្ច

ដូចផែនការរបស់រាជរដ្ឋាភិបាល គម្រោងអគ្គិសនីដើរដោយឧស្ម័ន LNG ៩០០មេហ្កាវ៉ាត់ ដែលជាប្រវត្តិសាស្ត្រ នឹងដាក់ឱ្យដំណើរការនៅចុងឆ្នាំ២០២៦ និង២០២៧។ នេះបើតាមការឱ្យដឹងពី ក្រសួងរ៉ែ និងថាមពល កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គម្រោងអគ្គិសនីដើរដោយឧស្ម័ន LNG ៩០០មេហ្កាវ៉ាត់ គឺជាគម្រោងប្រវត្តិសាស្រ្ត។ គម្រោងនេះ នឹងដើរតួនាទីសំខាន់ក្នុងការផ្តល់អគ្គិសនីបន្ថែម ពង្រឹងសន្តិសុខថាមពលជាតិ និងពង្រឹងស្ថិរភាពឱ្យបណ្តាញអគ្គិសនីកម្ពុជា។

ក្នុងឱកាសអញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់គម្រោងអគ្គិសនីដើរដោយឧស្ម័ន LNG ៩០០ មេហ្គាវ៉ាត់ កាលពីថ្ងៃទី៦ មករា លោក កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានឱ្យដឹងថា គម្រោងអគ្គិសនីដើរដោយឧស្ម័ន LNG ៩០០ មេហ្កាវ៉ាត់ មានទូរប៊ីនចំនួនពីរ ដែលទូរប៊ីននីមួយៗមានថាមពល ៤៥០ មេហ្គាវ៉ាត់ ដែលជាបច្ចេកវិទ្យាក្រុមហ៊ុន Mitsubishi របស់ប្រទេសជប៉ុន សហការជាមួយក្រុមហ៊ុន Dongfang Electric របស់ចិន ដែលវិនិយោគដោយក្រុមហ៊ុន Royal Group របស់អ្នកឧកញ៉ា គិត ម៉េង។

សូមបញ្ជាក់ថា អគ្គិសនីដើរដោយឧស្ម័ន LNG ៩០០មេហ្កាវ៉ាត់ នឹងដាក់ឱ្យដំណើរការដំណាក់កាលទី១ ថាមពល ៤៥០ មេហ្គាវ៉ាត់ នៅចុងឆ្នាំ២០២៦នេះ ហើយ ៤៥០ មេហ្គាវ៉ាត់ ទៀត នឹងដាក់ឱ្យដំណើរការនៅឆ្នាំ២០២៧ ដែលមានទីតាំងស្ថិតនៅស្រុក បទុមសាគរ ខេត្តកោះកុង៕