យុវជនកម្ពុជា បង្ហាញសមត្ថភាពក្នុងពិធីបិទវគ្គបណ្តុះបណ្តាល មុនចេញដំណើររបស់ប្រតិភូយុវជនកម្ពុជា នៃកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន លើកទី៤៩ ឆ្នាំ២០២៦

សង្គម​ និង​សេដ្ឋកិច្ច

ប្រតិភូនាវាយុវជនកម្ពុជា បានបង្ហាញសមត្ថភាព ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលមុនចេញដំណើរ របស់ប្រតិភូ​យុវជន​កម្ពុជា នៃកម្មវិធីនាវា​យុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន លើកទី៤៩ ឆ្នាំ២០២៦ ដែលប្រព្រឹត្តទៅនាថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦ ក្នុងរាជធានីភ្នំពេញ បន្ទាប់ពីបានឆ្លងកាត់ការហ្វឹកហាត់យ៉ាងស្រាកស្រាន្ដ​អស់រយៈពេលជាច្រើន​សប្តាហ៍កន្លងមក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ព្រឹត្តិការណ៍នេះគឺជាការកត់សម្គាល់នូវសមិទ្ធផលដ៏សំខាន់សម្រាប់ប្រតិភូយុវជនកម្ពុជា ក្នុងការត្រៀមខ្លួនធ្វើជា​តំណាង​ឱ្យព្រះរាជាណាចក្រកម្ពុជាលើឆាកអន្តរជាតិ។

ចំណុចលេចធ្លោបំផុតនៃពិធីបិទវគ្គនេះ គឺការសម្តែងទង់ជាតិ និងការសម្ដែងទស្សនីយភាព ដែលជាការសម្តែង​វប្បធម៌ដើម្បីបង្ហាញពីបេតិកភណ្ឌដ៏សម្បូរបែបភាពរឹងមាំ និងសេចក្តីប្រាថ្នានាពេលអនាគតរបស់កម្ពុជា។ ការសម្តែង​នេះក៏ជាការបង្ហាញសាកល្បងនូវការទូតវប្បធម៌ ដែលយុវជនកម្ពុជា នឹងត្រូវយកទៅបង្ហាញជូនប្រតិភូ​យុវជនមកពីបណ្តាប្រទេសផ្សេងៗ ក្នុងអំឡុងពេលនៃកម្មវិធីទាំងមូល។

ពិធីនេះរួមបញ្ចូលនូវការសម្តែង និងការធ្វើបទបង្ហាញដោយយុវជនកម្ពុជាទាំង ១៦ រូប រួមមាន៖ កញ្ញា ចំរើន អមរា, លោក វិនឡាយ អនុសារ, កញ្ញា រិទ្ធ ច័ន្ទចរណៃ, លោក ទ្រី កូប៉ង់, លោក សៅ ឡៃហេង, លោក លីម គាសេង, លោកលាង លេវីត, កញ្ញា សុភក្តិ ណាល់រីតី, លោក ហន ភក្តីបញ្ញាបុត្រ, កញ្ញា រិន រូស្សា, លោក ដារ៉ា រ៉ូសុីលី, កញ្ញា ហ៊ឺ សុីវខេង, កញ្ញា គី សុរដារីយ៉ា, លោក ធាម សុពិសាល, កញ្ញា ហេង សុវណ្ណមុនីនាថ និងលោក ឆាយ សុវណ្ណបញ្ញា។

កម្មវិធី SSEAYP គឺជាគំនិតផ្តួចផ្តើមក្នុងតំបន់ដែលមានប្រវត្តិយូរមកហើយ ក្នុងគោលបំណងលើកកម្ពស់​ចំណង​មិត្តភាព ការយល់ដឹងពីគ្នាទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការរវាងយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន។ ជាផ្នែក​មួយនៃការត្រៀមលក្ខណៈ ប្រតិភូយុវជនកម្ពុជាឆ្នាំ ២០២៦ បានបំពេញវគ្គបណ្តុះបណ្តាលយ៉ាងហ្មត់ចត់​ដោយ​ភាពប្រឹងប្រែង ដែលផ្តោតលើការអភិវឌ្ឍភាពជាអ្នកដឹកនាំ ការយល់ដឹងពីវប្បធម៌ ការងារជាក្រុម និងការ​តំណាង​ជាតិ។ ប្រតិភូយុវជនឆ្នាំនេះ បានរួបរួមគ្នាក្រោមប្រធានបទ “Woven as One” ដែលជានិមិត្តរូបនៃសាមគ្គីភាព ដោយដកស្រង់ចេញពីអត្ថន័យនៃ ក្រមាខ្មែរ ដែលត្បាញចេញពីសរសៃអំបោះមួយៗបញ្ចូលគ្នា បង្កើតបានជាសាច់​ក្រមាមួយដ៏មាំ។ តាមរយៈស្មារតីនៃកិច្ចសហប្រតិបត្តិការនេះ ប្រតិភូយុវជនកម្ពុជាមានគោលបំណង​តំណាងឱ្យ​ប្រទេសជាតិដោយសេចក្តីថ្លៃថ្នូរ ទំនួលខុសត្រូវ និងមោទនភាព។

ពិធីបិទវគ្គបណ្តុះបណ្តាលនេះ មិនត្រឹមតែជាការបញ្ចប់ការហ្វឹកហ្វឺនប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការចាប់ផ្តើមនៃដំណើរ​នៃ​ការផ្លាស់ប្តូរវប្បធម៌ ភាពជាអ្នកដឹកនាំ និងកិច្ចសហប្រតិបត្តិការក្នុងតំបន់ផងដែរ។ នៅពេលដែលយុវជនកម្ពុជា​ត្រៀមខ្លួនចេញដំណើរ ពួកគេបាននាំយកទៅជាមួយនូវក្តីសង្ឃឹមរបស់ជាតិ និងការប្តេជ្ញាចិត្តរួមគ្នា​ក្នុងការរួមចំណែក​ជា​វិជ្ជមានដល់សហគមន៍យុវជនអាស៊ាន-ជប៉ុន៕