លោក ស៊ុន ចាន់ថុល៖ កត្តាចំនួន២ ជួយឱ្យកម្ពុជាមានឧត្តមភាពនៃការប្រកួតប្រជែងលើឆាកអន្តរជាតិខ្ពស់

សង្គម​ និង​សេដ្ឋកិច្ច

លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកឡើងថា កម្ពុជាមានឧត្តមភាពនៃការប្រកួតប្រជែងលើឆាកអន្តរជាតិខ្ពស់ តាមរយៈកត្តាសំខាន់ៗចំនួន២ ខណៈលោកក៏បានបានបង្ហាញនូវការត្រៀមលក្ខណៈរួចរាល់ជាស្រេចរបស់កម្ពុជា ក្នុងការទទួលស្វាគមន៍រាល់ការវិនិយោគពីបរទេសផងដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឧបនាយករដ្ឋមន្ត្រី លោក ស៊ុន ចាន់ថុល ថ្លែងបែបនេះ ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ ដំណាក់កាលទី១ នៃរោងចក្រផលិតសម្បកកង់រថយន្ត វ៉ាន់លី ថាយអឺ (ខេមបូឌា) ឯ.ក កាលថ្ងៃទី ១២ ខែមករា ឆ្នាំ២០២៦។

នាឱកាសនោះ លោក បានបង្ហាញនូវការត្រៀមលក្ខណៈរួចរាល់ជាស្រេចរបស់កម្ពុជា ក្នុងការទទួលស្វាគមន៍រាល់ការវិនិយោគពីបរទេស តាមរយៈសុខសន្តិភាព ស្ថិរភាពនយោបាយ កម្លាំងពលកម្មវ័យក្មេង និងការបង្កលក្ខណៈងាយស្រួល ការផ្តល់ការគាំពារ ព្រមទាំងការធានានូវបរិយាកាសធុរកិច្ចប្រកបដោយតម្លាភាព និងប្រសិទ្ធភាពខ្ពស់បំផុត ជាមួយនឹងចាប់យកឌីជីថលូបនីយកម្មសម្រាប់ការកំណែទម្រង់នានា។

ជាមួយគ្នានេះ លោកក៏បានរំលេចដែរថា កម្ពុជាមានឧត្តមភាពនៃការប្រកួតប្រជែងលើឆាកអន្តរជាតិខ្ពស់ តាមរយៈកត្តាសំខាន់ចំនួន២ រួមមាន៖ ១.ការបំបែកកំណត់ត្រាការអនុម័តគម្រោងវិនិយោគយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងកម្រិតខ្ពស់បំផុត ក្នុងរយៈពេល២ឆ្នាំជាប់ៗគ្នាដែលមិនធ្លាប់មានពីមុនមក បានឆ្លុះបង្ហាញពីសន្ទុះនៃទំនុកចិត្តវិនិយោគ និង ២. ការណ៍ដែលកម្ពុជា គឺជាប្រទេសទី១ក្នុងសកលលោក បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការជាមួយសហរដ្ឋអាម៉េរិក ដែលនឹងផ្តល់នូវភាពប្រាកដប្រជាសម្រាប់រាល់ការវិនិយោគនៅកម្ពុជា ដើម្បីផ្គត់ផ្គង់ការនាំចេញទៅកាន់ទីផ្សារដ៏ធំរបស់អាម៉េរិក។

សូមជម្រាបដែរថា កម្ពុជា បានបំបែកកំណត់ត្រាវិនិយោគខ្ពស់បំផុតមិនធ្លាប់មាន ២ឆ្នាំជាប់គ្នា ដែលក្នុងឆ្នាំ២០២៥ កន្លងទៅថ្មីៗនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងថ្មីចំនួន ៦៣០ គម្រោង ក្នុងទុនវិនិយោគ ១០ពាន់លានដុល្លារ ដែលអាចបង្កើតការងារបានរហូតជាង ៤៣ម៉ឺនកន្លែង៕ អត្ថបទ៖ ហ្សាលីន