សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៦ បានចេញអនុក្រឹត្យតែងតាំងបណ្ឌិត ចំនួន ៨រូប ជាសមាជិកបម្រុង នៃរាជបណ្ឌិត្យសភាកម្ពុជា។

តាមរយៈអនុក្រឹត្យលេខ ៣៨ អនក្រ.តត ស្តីពីការតែងតាំងសមាជិកបម្រុង នៃរាជបណ្ឌិត្យសភាកម្ពុជា ចំនួន ៥រូប ចុះថ្ងៃទី៩ ខែមករា ឆ្នាំ២០២៦ រួមមាន៖ ១.បណ្ឌិត គិន ភា ជំនាញវិទ្យាសាស្ត្រនយោបាយ, ២.បណ្ឌិត ឈិត វណ្ណឫទ្ធិ ជំនាញគណិតវិទ្យាអនុវត្ត និងព័ត៌មានវិទ្យា, ៣.បណ្ឌិត ហង្ស រិទ្ធីរ៉ាវុធ ជំនាញនិរុត្តិសាស្ត្រ, ៤.បណ្ឌិត គី សេរីវឌ្ឍន៍ ជំនាញសេដ្ឋកិច្ច និង ៥.បណ្ឌិត អ៊ុំ ប៉ុម ជំនាញគ្រប់គ្រងសាធារណៈ។
ជាមួយគ្នានេះ តាមរយៈអនុក្រឹត្យលេខ ៣៩ អនក្រ.តត ស្តីពីការតែងតាំងសមាជិកបម្រុង នៃរាជបណ្ឌិត្យសភាកម្ពុជា ចំនួន ៣រូប ចុះថ្ងៃទី៩ ខែមករា ឆ្នាំ២០២៦ ដដែល រួមមាន៖ ១.បណ្ឌិត យង់ ពៅ ជំនាញវិទ្យាសាស្ត្រនយោបាយ, ២.បណ្ឌិត នុត សម្បត្តិ ជំនាញវិទ្យាសាស្ត្រសុខាភិបាល និង ៣.បណ្ឌិត ឈត ប៊ុនថង ជំនាញទស្សនវិជ្ជា។
សូមជម្រាបថា រាជបណ្ឌិត្យសភាកម្ពុជា បានចាប់បដិសន្ធិឡើង តាមព្រះរាជក្រមលេខ ២៦១ ប.រ និងព្រះរាជក្រឹត្យ លេខ ៤៩៩ ប.រ. ចុះ ថ្ងៃទី២៥ ខែសីហា ឆ្នាំ១៩៦៥ ប៉ុន្ដែមិនទាន់ប្រព្រឹត្តទៅនៅឡើយដោយសារសង្គ្រាមស៊ីវិល ចាប់ពីឆ្នាំ១៩៧០ ក៏បានកាត់ផ្ដាច់ការខិតខំទាំងនោះ។ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ១៩៩៩ រាជបណ្ឌិត្យសភាកម្ពុជា បានបង្កើតឡើងវិញដោយព្រះរាជក្រឹត្យលេខ នស/រកត/០៥៩៩/៩៧ គឺនៅដើមអាណត្ដិទី២នៃរាជរដ្ឋាភិបាល។ រាជបណ្ឌិត្យសភាកម្ពុជា មានចក្ខុវិស័យក្លាយជាស្ថាប័នឈានមុខគេរបស់ប្រទេសកម្ពុជាសម្រាប់អភិវឌ្ឍកម្លាំងបញ្ញាញាណនៃប្រជាជាតិ ពង្រឹងនិងពង្រីកការសិក្សាស្រាវជ្រាវគ្រប់មុខជំនាញនៅក្នុងប្រទេស រៀបចំវេទិកាវិទ្យាសាស្ត្រ និងបោះពុម្ពផ្សាយស្នាដៃស្រាវជ្រាវ ដើម្បីឱ្យមានការទទួលស្គាល់ជាអន្តរជាតិ៕





