លោកសាស្រ្តាចារ្យ Ricardo Hausmann ស្ថាបនិក និងជាប្រធានមជ្ឈមណ្ឌល Growth Lab នៃសាកលវិទ្យាល័យ Harvard បានជួបពិភាក្សាជាមួយឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីពិនិត្យលទ្ធភាពក្នុងការបង្កើត Growth Lab (មជ្ឈមណ្ឌលស្រាវជ្រាវឈានមុខ) នៅកម្ពុជា។

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា ជំនួបពិភាក្សាខាងលើនេះ បានធ្វើឡើង ក្នុងឱកាសនៃការចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក ឆ្នាំ២០២៦ នៅទីក្រុងដាវ៉ុស ប្រទេសស្វីស កាលថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦។
ជំនួបពិភាក្សា បានផ្តោតសំខាន់ទៅលើការពិនិត្យលទ្ធភាពក្នុងការបង្កើត Growth Lab នៅកម្ពុជា ក្រោមកិច្ចសហការជាមួយកម្មវិធីភាពជាដៃគូកម្ពុជា-អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED)។
សូមជម្រាបថា Growth Lab គឺជាមជ្ឈមណ្ឌលស្រាវជ្រាវឈានមុខ ដែលផ្តោតលើការវិភាគសេដ្ឋកិច្ចជាក់ស្តែង ដើម្បីគាំទ្រការរៀបចំគោលនយោបាយ និងយុទ្ធសាស្ត្រកំណើនប្រកបដោយភស្តុតាងវិទ្យាសាស្ត្រ។គំនិតផ្តួចផ្តើមនេះ មានគោលបំណងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ឱ្យកាន់តែមានភាពសម្បូរបែប និងមានភាពធន់តាមរយៈការសិក្សាស្រាវជ្រាវ និងការអនុវត្តយុទ្ធសាស្ត្របែបវិទ្យាសាស្ត្រ៕ អត្ថបទ៖ហ្សាលីន

