អ្នកវិនិយោគិនរុស្សីនិយាយថា រុស្សីនឹងពិនិត្យលទ្ធភាពបើកជើងហោះហើរត្រង់មកកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

រុស្សីនឹងពិនិត្យលទ្ធភាពបើកជើងហោះហើរត្រង់មកកម្ពុជា តាមរយៈក្រុមហ៊ុនLotus Group រួមទាំងដៃគូវិនិយោគក្នុងស្រុកគឺក្រុមហ៊ុន JFT Jet ខណៈ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បញ្ជាក់ថា ជើងហោះហើរត្រង់ពីរុស្សីមកកម្ពុជា នឹងធ្វើឱ្យមានកំណើនភ្ញៀវទេសចរ និងវិនិយោគិនរុស្សី  និងពីបណ្តាសហគមន៍និយាយភាសារុស្សីដទៃមកប្រទេសកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងឱកាសរដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោក ហួត ហាក់ បានអនុញ្ញាតលោក Vladimir Palancica អគ្គនាយកក្រុមហ៊ុន Lotus Group និងជាប្រធានសាខា BRICS House រួមទាំងដៃគូវិនិយោគក្នុងស្រុកគឺក្រុមហ៊ុន JFT Jet តំណាងដោយលោកស្រី ខែក ខេមរ៉ាត់ ចូលជួបសម្តែងការគួរសម កាលពីថ្ងៃទី២១ មករា  ក្រុមហ៊ុនទាំងពីរបានលើកឡើងថា ក្រុមហ៊ុនកន្លងមកបានផ្តល់សេវាយន្តហោះឯកជន (Private Jet) ដល់អតិថិជនចម្រុះជាតិសាសន៍ពិសេសគឺអតិថិជនពីប្រទេសរុស្សី និងសហគមន៍និយាយភាសារុស្សីដែលមានចំនួនកើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំដែលស្រលាញ់ប្រទេសកម្ពុជា ដែលមានសក្តានុពលខ្លាំងក្នុងការទាក់ទាញទេសចររុស្ស៊ី ដោយសារមានធនធានទេសចរណ៍សម្បូរបែប រួមមានប្រាសាទបុរាណដ៏អស្ចារ្យ តំបន់ឆ្នេរសមុទ្រស្រស់ស្អាត បរិយាកាសសុខសាន្ត និងប្រជាជនដែលមានភាពរួសរាយរាក់ទាក់ ដែលមិនចាញ់ប្រទេសដទៃក្នុងតំបន់អាស៊ីអាគ្នេយ៍ឡើយ។

ដើម្បីឆ្លើយតបនឹងតម្រូវការរបស់អតិថិជន ក្រុមហ៊ុនទំាងពីរបានរៀបចំជាយុទ្ធសាស្រ្តថ្មីៗ បន្ថែមទៀត ជាពិសេសលើលទ្ធភាបបង្កើតជើងហោះហើរត្រង់ពីរុស្សីមករាជធានីភ្នំពេញ ឬ គោលដៅទេសចរណ៍របស់កម្ពុជា និងស្នើសុំការផ្តល់អនុសាសន៍ និងការគាំទ្រពីឯកឧត្តមរដ្ឋមន្រ្តីនាពេលនេះ។

ជាការឆ្លើយតប លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានកោតសរសើរ វាយតម្លៃខ្ពស់ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការចូលរួមចំណែកដ៏សកម្ម និងនាំមកនូវលទ្ធផលគួរជាទីមោទនៈរបស់ក្រុមហ៊ុនដល់វិស័យទេសចរណ៍កម្ពុជាកន្លងមក និងគំនិតផ្តួចផ្តើមដ៏ល្អ និងមានតម្លៃបន្ថែមទៀតនាពេលនេះ។

ក្នុងនាមក្រសួងទេសចរណ៍ និងមហាគ្រួសារវិស័យទេសចរណ៍ លោកគាំទ្រ និងផ្តល់នូវអនុសាសន៍តម្រង់ទិសបន្ថែមលើគំនិតផ្តួចផ្តើមនេះ និងសម្រាប់ការអនុវត្តជាក់ស្តែង ដើម្បីឱ្យកិច្ចសហប្រតិបត្តិការនេះសម្រេចបានជោគជ័យ និងមានចីរភាពដែលពិតជាបង្កើនលំហូរភ្ញៀវទេសចរ និងវិនិយោគិនរុស្ស៊ី និងពីបណ្តាសហគមន៍និយាយភាសារុស្សីមកកាន់កម្ពុជា។

គួរ​ឱ្យដឹងថា គិតក្នុងត្រីមាសទី១ ឆ្នាំ២០២៥ ប្រទេសកម្ពុជាទទួលបានអ្នកដំណើរតាមផ្លូវអាកាសសរុបចំនួន ១.៩៦ លាននាក់ កើនឡើង ១៩ ភាគរយ ធៀបនឹងរយៈពេលមួយឆ្នាំ។ អាកាសយានដ្ឋានរបស់ប្រទេសកម្ពុជាក៏បានកត់ត្រាការកើនឡើង ១០ ភាគរយនៃបរិមាណទំនិញតាមផ្លូវអាកាសដល់ ១៧,១៤៧ តោនផងដែរ៕