កម្ពុជា គឺជាគោលដៅទេសចរណ៍កីឡាដ៏ទាក់ទាញមួយនៅអាស៊ី ដោយសារលក្ខណៈពិសេសនៃការបញ្ចូលគ្នារវាងកីឡា ទេសចរណ៍ ធម្មជាតិ និងវប្បធម៌។

នេះជាការលើកឡើងរបស់លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ក្នុងពិធីប្រគល់រង្វាន់ជ័យលាភីទិវារត់ប្រណាំង ឆ្លងកាត់ឧបសគ្គចម្ងាយឆ្ងាយលើកទី៩ដល់អត្តពលិក ក្រោមអធិបតីភាព លោក ថោង ខុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិក (NOCC) កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦។
លោក ហួត ហាក់ បានលើកឡើងថា រង្វាន់ជ័យលាភីទិវារត់ប្រណាំង ឆ្លងកាត់ឧបសគ្គចម្ងាយឆ្ងាយលើកទី៩ដល់អត្តពលិក ដែលមានវិញ្ញាសារត់ប្រណាំងចំនួន ៨ រួមមាន៖ ១០០ គីឡូម៉ែត្រ ,៦៤គីឡូម៉ែត្រ ,៤២គីឡូម៉ែត្រ ,៣២គីឡូម៉ែត្រ ,១៨គីឡូម៉ែត្រមាន ៣ ប្រភេទ និង ៨គីឡូម៉ែត្រ។

លោកបន្តថា តាមរយៈព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ បានសបញ្ជាក់ឱ្យឃើញពីកម្ពុជា គឺជាគោលដៅទេសចរណ៍សុវត្ថិភាព និងមានទាក់ទាញ សម្រាប់ទេសចរណ៍កីឡា និងវប្បធម៌ ពោលគឺការរួមបញ្ចូលរវាងកីឡា ទេសចរណ៍ និងវប្បធម៌ក្នុងព្រឹត្តិការណ៍នេះ បានធ្វើឱ្យកម្ពុជាក្លាយជាគោលដៅដ៏គួរឱ្យចាប់អារម្មណ៍ដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលចង់ទទួលបទពិសោធទេសចរណ៍ថ្មី ប្លែក និងបរិយាកាសសុវត្ថិភាព ប្រកបដោយអត្ថន័យ និងភាពចម្រុះ។
សូមជម្រាបជូនថា ព្រឹត្តិការណ៍រត់ប្រណាំងចម្ងាយឆ្ងាយឆ្លងកាត់ឧបសគ្គ Angkor Ultra Trail 2026 បានទាក់ទាញអ្នកចូលរួមប្រមាណ ១ ៧៤០នាក់ អញ្ជើញមកពី៥២ប្រទេសផ្សេងគ្នា និងជាព្រឹត្តិការណ៍ដ៏អស្ចារ្យដើម្បីស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិមកកាន់ព្រះរាជាណាចក្រកម្ពុជានិយាយជារួម និងមកកាន់តំបន់អង្គរដ៏បវរនៃយើងទាំងអស់គ្នា៕




