លោក ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យានិងនវានុវត្តន៍ បានឱ្យដឹងថា គិតត្រឹមខែធ្នូ ឆ្នាំ២០២៥ កម្ពុជាមានរោងចក្រធុនធ្ងន់ចំនួន ៣,០៨៣ កំពុងដំណើរការនៅទូទាំងប្រទេស (កើនឡើងចំនួន ៦៥៨ រោងចក្រ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤)។

ថ្លែងនៅក្នុងកិច្ចប្រជុំកំពូលនាយកប្រតិបត្តិ និងសហគ្រិនឆ្នាំ២០២៦ កាលពីពេលថ្មីៗនេះ លោក ហែម វណ្ណឌី បានលើកឡើងថា កម្ពុជា ជាមជ្ឈមណ្ឌលផលិតកម្ម និងវិនិយោគកាន់តែមានសក្តានុពល ទន្ទឹមនឹងការផ្លាស់ប្តូរនៃខ្សែច្រវាក់ផ្គត់ផ្គង់តំបន់ ដោយផ្តោតលើការកសាងភាពធន់ និរន្តរភាព និងផលិតកម្មដែលមានតម្លៃបន្ថែមខ្ពស់។
លោកបានបន្តថា បច្ចុប្បន្ន កម្ពុជាកំពុងឈានដល់ដំណាក់កាលដ៏សំខាន់នៃបរិវត្តកម្មសេដ្ឋកិច្ចរបស់ខ្លួន។ គន្លងនៃការអភិវឌ្ឍត្រូវបានដឹកនាំដោយស្ថិរភាពនយោបាយ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ជាមួយនឹងការប្តេជ្ញាចិត្តមុះមុតចំពោះកំណើនដែលដឹកនាំដោយវិស័យឯកជន ក្រោមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល។

ដោយគិតត្រឹមខែធ្នូ ឆ្នាំ២០២៥ កម្ពុជាមានរោងចក្រធុនធ្ងន់ចំនួន ៣,០៨៣ កំពុងដំណើរការនៅទូទាំងប្រទេស (កើនឡើងចំនួន ៦៥៨ រោងចក្រ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤) ដែលបង្កើតជាមូលដ្ឋានពិពិធកម្មឧស្សាហកម្មកាន់តែចម្រុះ គ្របដណ្តប់លើវិស័យសម្លៀកបំពាក់ ស្បែកជើង កសិ-ឧស្សាហកម្ម អេឡិចត្រូនិក ឧស្សាហកម្មគាំទ្រ សម្ភារសំណង់ និងកម្មន្តសាលដែលជំរុញដោយបច្ចេកវិទ្យាថ្មីៗ។
គួរឱ្យដឹងដែរថា ក្នុងឆ្នាំ២០២៥ កម្ពុជាបានអនុម័តគម្រោងវិនិយោគដែលមានទុនសរុបជាង ១០ពាន់លានដុល្លារអាមេរិក ជាកម្រិតទុនវិនិយោគខ្ពស់បំផុតមិនធ្លាប់មាន ដែលឆ្លុះបញ្ចាំងពីទំនុកចិត្តរបស់វិនិយោគិនលើការអាចព្យាករណ៍បានផ្នែកគោលនយោបាយ កំណែទម្រង់ និងការរំពឹងទុកកំណើនរយៈពេលវែង៕

