តំបន់សេដ្ឋកិច្ចពិសេសមួយនៅខេត្តក្រចេះ ទទួលបានទុនវិយោគជិត ៦០០ លានដុល្លារអាម៉េរិក

សង្គម​ និង​សេដ្ឋកិច្ច

តំបន់សេដ្ឋកិច្ចពិសេស យូ ប៊ី អ៊ី ស្នួល មានទីតាំងស្ថិតនៅឃុំ ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ គិតមកដល់បច្ចុប្បន្ននេះ ទទួលបានគម្រោងវិយោគក្នុងតម្លៃជិត ៦០០ លានដុល្លារអាម៉េរិក។ទិន្នន័យនេះ បានបង្ហាញឡើងនៅក្នុងកិច្ចប្រជុំរបស់ក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន “ក.វ.ឦសាន” ជុំវិញកិច្ចពិភាក្សាលើការស្នើសុំដោះស្រាយបញ្ហានានា នៅតំបន់សេដ្ឋកិច្ចពិសេសខាងលើ កាលថ្ងៃទី២២ ខែ មករា ឆ្នាំ ២០២៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កិច្ចប្រជុំខាងលើនេះ មានការចូលរួមពីអន្តរក្រសួង រួមមាន៖ ក្រសួងមហាផ្ទៃ, ក្រសួងដែនដី, ក្រសួងយុត្តិធម៌, ក្រសួងកសិកម្ម ក្រសួងពាណិជ្ជកម្ម, ក្រសួងសុខាភិបាល, ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, អគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និង ចំណូលមិនមែនសារពើពន្ធ, អគ្គនាយកដ្ឋានគយ និង រដ្ឋាករកម្ពុជា និង តំណាងរដ្ឋបាលខេត្តក្រចេះ ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធជាដើម។

ថ្លែងក្នុងកិច្ចប្រជុំខាងលើ  ឯកឧត្តម ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី និង ជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន បានឱ្យដឹងថា តំបន់សេដ្ឋកិច្ចពិសេស យូ ប៊ី អ៊ី ស្នួល គឺជាតំបន់សេដ្ឋកិច្ចពិសេស ដែលមានភាពសកម្មបំផុតមួយ នៅភូមិភាគឦសាន ដោយបច្ចុប្បន្នមានគម្រោងវិនិយោគផ្តោតលើការផលិតសំបកកង់យានយន្ត និង ការផលិតពុម្ពសំបកកង់យានយន្ត ក្រោមទុនវិយោគជិត ៦០០ លានដុល្លារអាម៉េរិក និង អាចបង្កើតការងារប្រមាណ ២ ០១៤ កន្លែង ។

ឯកឧត្តម បានគូសរំលេចអំពីសារសំខាន់ ក្នុងការផ្តល់ការគាំទ្រ និង ការសម្របសម្រួលជូនវិនិយោគិនដែលមានស្រាប់ តាំងពីដំណាក់កាលផលិត រហូតដល់ដំណាក់កាលនាំចេញ ឱ្យមានភាពរលូន ក្នុងអភិក្រមការងារ “ជវភាពនៃប្រព័ន្ធតួអង្គតែមួយ” តាមរយៈ “យន្តការច្រកចេញ-ចូលតែមួយ”។

តាមរយៈកិច្ចប្រជុំខាងលើ ឯកឧត្តម ក៏បានគូសរំលេចបន្ថែមដែរថា ការផ្តល់ការគាំទ្រ និង ការសម្របសម្រួលពីក្រសួង-ស្ថាប័នពាក់ព័ន្ធ គឺជាការលើកទឹកចិត្តដ៏សំខាន់ ក្នុងការជំរុញឱ្យក្រុមហ៊ុនអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេស ខិតខំបន្តកៀរគរវិនិយោគិនថ្មីៗ បន្ថែមទៀត សំដៅជំរុញការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសនេះ ឱ្យក្លាយទៅជាបណ្តុំឧស្សាហកម្ម (industrial cluster) ផលិតសំបកកង់យានយន្ត តាមរយៈការទាក់ទាញក្រុមហ៊ុនដែលមានជំនាញ និង ឧស្សាហកម្មគាំទ្រនានា, ជាពិសេស រោងចក្រកែច្នៃជ័រកៅស៊ូ ដែលប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក ទៅក្នុងខ្សែច្រវាក់ផលិតកម្ម ក្នុងតំបន់សេដ្ឋកិច្ចពិសេសនេះ៕អត្ថបទ៖ ហ្សលីន