សហរដ្ឋអាមេរិក ថា នឹងនឹងធ្វើការប្រកៀកស្មាគ្នាជាមួយកម្ពុជា ដើម្បីលើកស្ទួយតំបន់ឥណ្ឌូប៉ាស៊ីហ្វិកដែលមានភាពសេរី និងបើកចំហឱ្យកាន់តែប្រសើរ។

នេះបើយោងតាមហ្វេសប៊ុករបស់ស្ថានទូតអាមេរិកនៅកម្ពុជា ផ្សាយពីលទ្ធផលជំនួបពិភាក្សារវាង ឯកឧត្តមនាយឧត្តមនាវី Samuel Paparo មេបញ្ជាការនៃបញ្ជាការដ្ឋានឥណ្ឌូ-ប៉ាស៊ីហ្វិក នៃសហរដ្ឋអាមេរិក ជាមួយសម្យេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅវិមានសន្តិភាព នៅថ្ងៃទី២៦ មករា ២០២៦។
ជុំវិញរឿងនេះ ស្ថានទូតអាមេរិកនៅភ្នំពេញ បានប្រកាសសូស្វាគមន៍ឧត្តមនាវី Samuel J. Paparo មេបញ្ជាការប្រចាំនៅបញ្ជាការដ្ឋានរបស់សហរដ្ឋអាមេរិក នៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ក្នុងដំណើរទស្សនកិច្ចរបស់លោក នៅកម្ពុជា។

ស្ថានទូតអាមេរិកបន្តថា នៅព្រឹកនេះ លោកឧត្តមនាវី Paparo បានជួបជាមួយលោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ដើម្បីពិភាក្សាពីទំនាក់ទំនងកម្ពុជា សហរដ្ឋអាមេរិក ក្នុងវិស័យការពារជាតិ និងវិធីពង្រឹងចំណងទាក់ទងទ្វេភាគីរបស់យើង និងការការគាំទ្រដល់ស្ថិរភាពតំបន់។
តាមរយៈកិច្ចពិភាក្សា សម្តេចធិបតី ហ៊ុន ម៉ាណែត និងមេបញ្ជាការប្រចាំនៅបញ្ជាការដ្ឋានរបស់សហរដ្ឋអាមេរិក នៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ក៏បានផ្តោតលើការសន្ទនា ទំនុកចិត្តគ្នានិងស្ថិរភាពតំបន់។ ជាមួយគ្នានេះ សហរដ្ឋអាមេរិក និងកម្ពុជានឹងធ្វើការប្រកៀកស្មាគ្នា ដើម្បីលើកស្ទួយតំបន់ឥណ្ឌូប៉ាស៊ីហ្វិកដែលមានភាពសេរី និងបើកចំហឱ្យកាន់តែប្រសើរផងដែរ៕ អត្ថបទ៖ហ្សាលីន


