កម្ពុជា-ឡាវ ឯកភាពជំរុញកិច្ចសហប្រតិបត្តិការដឹកជញ្ជូនផលិតផលកសិកម្មពីកម្ពុជា ឆ្លងកាត់ប្រទេសឡាវ ឆ្ពោះទៅកាន់ប្រទេសទី៣ ខណៈប្រទេសឡាវក៏បានប្តេជ្ញាជំរុញ និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម និងបរិស្ថានជាមួយកម្ពុជាបន្ថែមទៀតផងដែរ។ នេះបើតាមជំនួបពិភាក្សារវាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ជាមួយលោក Linkham Douangsavanh រដ្ឋមន្ត្រីក្រសួងកសិកម្ម និងបរិស្ថាន នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ កាលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦។

នាឱកាសនោះ លោក Linkham Douangsavanh ក៏បានជម្រាបជូនសម្តេចធិបតីថា ក្រសួងកសិកម្ម និងបរិស្ថានឡាវ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា បានឯកភាពគ្នាលើកិច្ចសហប្រតិបត្តិការក្នុងការដឹកជញ្ជូនផលិតផលកសិកម្មពីកម្ពុជា ដោយឆ្លងកាត់ប្រទេសឡាវ ទៅកាន់ប្រទេសទី៣ ហើយលោកក៏បានប្ដេជ្ញាចិត្តជំរុញកិច្ចសហប្រតិបត្តិការនេះសម្រេចបានលទ្ធផលជាផ្លែផ្កា និងឱ្យបានឆាប់រហ័ស។ បន្ថែមពីនេះ លោករដ្ឋមន្ត្រីក៏បានប្ដេជ្ញានៅក្នុងការជំរុញ ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម និងបរិស្ថានឱ្យកាន់តែរីកចម្រើន និងរឹងមាំបន្ថែមទៀត ជាមួយសមភាគីកម្ពុជា។

ជាការឆ្លើយតប, សម្ដេចធិបតី បញ្ជាក់ថា វិស័យកសិកម្ម គឺជាវិស័យអាទិភាពមួយរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្នុងការធានានូវសន្តិសុខស្បៀង។ ជាមួយនឹងកត្តាទីតាំងភូមិសាស្ត្រ និង ភាពស្រដៀងគ្នារវាងកម្ពុជា-ឡាវ, សម្ដេចធិបតីបានគូសបញ្ជាក់អំពីសារៈសំខាន់ និងសក្តានុពលជាច្រើនទៀត ដែលប្រទេសទាំងពីរអាចសហការជាមួយគ្នាក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម ឱ្យស្របទៅនឹងការរីកចម្រើននៃកិច្ចសហប្រតិបត្តិការដ៏ល្អលើវិស័យផ្សេងៗ ដូចជា វិស័យសន្តិសុខនិងការពារជាតិ, ថាមពល, និងពាណិជ្ជកម្ម ជាដើម។
តាមរយៈកិច្ចពិភាក្សានេះដែរ សម្ដេចធិបតី ក៏បានលើកទឹកចិត្តឱ្យក្រសួងកសិកម្ម នៃប្រទេសទាំងពីរពន្លឿននូវនីតិវិធីនៅក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើការដឹកជញ្ជូនផលិតផលកសិកម្មពីកម្ពុជា ដោយឆ្លងកាត់ប្រទេសឡាវ ឆ្ពោះទៅកាន់ប្រទេសទី៣ ហើយ សម្ដេចធិបតីជឿជាក់ថាកិច្ចព្រមព្រៀងនៃកិច្ចសហប្រតិបត្តិការនេះ នឹងផ្តល់ផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជន នៃប្រទេសទាំងពីរ៕អត្ថបទ៖ហ្សាលីន


