សភាពាណិជ្ជកម្មកម្ពុជារដ្ឋកាលីហ្វ័រញ៉ា បានបេ្តជ្ញាចូលរួមជាមួយក្រសួងទេសចរណ៍ផ្សព្វផ្សាយសក្តានុពលទេសចរណ៍ និងកាលានុភាពវិនិយោគកម្ពុជា ដល់ប្រជាជានអាម៉េរិកជាពិសេសនៅរដ្ឋកាលីហ្វ័រញ៉ា។

ក្នុងជំនួបរវាង លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយលោក HOUT Kim Chha អគ្គកុងស៊ុលកិត្តិយសកម្ពុជាប្រចាំរដ្ឋកាលីហ្វ័រញ៉ា និងជាប្រធានសភាពាណិជ្ជកម្មកម្ពុជារដ្ឋកាលីហ្វ័រញ៉ា កាលពីថ្ងៃទី២៦មករា បានឱ្យដឹងថា គណៈប្រតិភូកាលីហ្វ័រញ៉ា បានបង្ហាញចាប់អារម្មណ៍លើកត្តាសុខសុវត្តិភាព និងសន្តិសុខ ព្រមទាំងការអភិវឌ្ឍដ៏ឆាប់រហ័សរបស់ប្រទេសកម្ពុជាក្នុងដំណើរទស្សនកិច្ចការងារនាពេលនេះ។

ជាមួយគ្នានេះ សភាពាណិជ្ជកម្មកម្ពុជារដ្ឋកាលីហ្វ័រញ៉ា ក៏បានបេ្តជ្ញាចូលរួមជាមួយក្រសួងទេសចរណ៍ផ្សព្វផ្សាយសក្តានុពលទេសចរណ៍ និងកាលានុភាពវិនិយោគកម្ពុជា ដល់ប្រជាជានអាម៉េរិកជាពិសេសនៅរដ្ឋកាលីហ្វ័រញ៉ាផងដែរ។

លោក ហួត ហាក់ បានចាត់ទុកសភាពាណិជ្ជកម្មកម្ពុជារដ្ឋកាលីហ្វ័រញ៉ាជាដៃគូសហការដ៏ល្អ និងមិនអាចខ្វះបាន ក្នុងការចូលរួមចំណែកអភិវឌ្ឍ និងការវិនិយោគវិស័យទេសចរណ៍កម្ពុជាឱ្យកាន់តែរីកចំរើន និងកើនឡើងបន្ថែមទៀត។
គួរបញ្ជាក់ថា តាមរយៈជំនួបនេះ គូភាគី បានព្រមព្រៀងនឹងជួយជំរុញឱ្យមានការបង្កើតជា «មជ្ឈមណ្ឌលពាណិជ្ជកម្ម» នៅរដ្ឋកាលីហ្វ័រញ៉ា ដើម្បីផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ និងកាលានុវត្តភាពវិនិយោគកម្ពុជានៅសហរដ្ឋអាម៉េរិក ព្រមទាំងប្រឹងប្រែងរួមគ្នាឱ្យមានជើងហោះហើរត្រង់រវាងរដ្ឋ Los Angeles ដែលមានសហគមន៍ខ្មែររស់នៅច្រើននាទីនោះ និងព្រះរាជាណាចក្រកម្ពុជា។
តាមរយៈគំនិតផ្តួចផ្តើមដ៏ល្អនេះ កម្ពុជានឹងរំពឹងទទួលបានភ្ញៀវទេសចរអាម៉េរិកច្រើនថែមទៀត ជាមួយនឹងកំណើនវិនិយោគផ្ទាល់ពីសហរដ្ឋអាម៉េរិកផងដែរ៕


