លោក តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម នឹងមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

លោក តូ ឡឺម អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ខាងមុខនេះ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នាថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រសួងការបរទេស បានបន្តថា ការអញ្ជើញបំពេញទស្សនកិច្ចផ្លូវរដ្ឋមកកាន់កម្ពុជារបស់ លោក តូ ឡឺម អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម គឺតបតាមការអញ្ជើញរបស់ព្រះករុណា ករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម 3 ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងឱកាសទស្សនកិច្ចផ្លូវរដ្ឋនេះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ សព្វព្រះរាជហឬទ័យរាជានុញ្ញាតឱ្យលោកអគ្គលេខាធិការបក្ស តូ ឡឹម ចូលគាល់ដើម្បីធ្វើសវនការ និងប្រោសប្រទានពិធីលៀងសាយភោជន៍ជាកិត្តិយសជូន ឯកឧត្តមអគ្គលេខាធិការបក្ស នៅព្រះបរមរាជវាំង។ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក៏សព្វព្រះរាជហឫទ័យរាជានុញ្ញាត ឱ្យ លោក តូ ឡឹម ចូលគាល់ និងធ្វើសវនការនៅព្រះរាជដំណាក់ផងដែរ ។

ជាមួយគ្នានេះ លោកអគ្គលេខាធិការបក្ស ក៏គ្រោងនឹងអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ នៅមណ្ឌបព្រះបរមរូប ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ “ព្រះបរមរតនកោដ្ឋ” អតីត ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងមណ្ឌបមិត្តភាពកម្ពុជា-វៀតណាម។

លើសពីនេះ លោក តូ ឡឹម នឹងមានជំនួបកំពូលជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាផងដែរ។

គួរបញ្ជាក់ថា ទស្សនកិច្ចផ្លូវរដ្ឋរបស់ លោកអគ្គលេខាធិការ តូ ឡឹម នឹងពង្រឹងថែមទៀតនូវទំនាក់ទំនងដ៏កក់ក្តៅ រវាងកម្ពុជា និងវៀតណាម និងឆ្លុះបញ្ចាំងអំពីការប្តេជ្ញារួមក្នុងការពង្រឹង និងធ្វើឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក ស្របតាមស្មារតី “ភាពជាអ្នកជិត ខាងល្អមិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង” ដើម្បីការអភិវឌ្ឍ និងវិបុលភាពនៃប្រជាជាតិ និងប្រជាជនទាំងពីរ។