ក្រុមហ៊ុនផលិតគ្រឿងអលង្ការម៉ាកល្បីលើពិភពលោក នឹងបង្កើតរោងចក្រនៅកម្ពុជា

សង្គម​និង​សេដ្ឋកិច្ច

ក្រុមហ៊ុនផលិតគ្រឿងអលង្ការសម្រាប់ម៉ាកដ៏ល្បីមួយលើពិភពលោក គ្រោងចាប់ផ្ដើមប្រតិបត្តិការវិនិយោគនៅកម្ពុជា ក្រោយសិក្សាសក្តានុពលវិនិយោគអស់រយៈពេល ៤ឆ្នាំកន្លងទៅ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ បានជួបប្រតិភូតំណាងក្រុមហ៊ុនផលិតគ្រឿងអលង្ការសម្រាប់ម៉ាកដ៏ល្បីមួយ ដែលបានសម្រេចជ្រើសរើសយកកម្ពុជា ជាគោលដៅវិនិយោគ សម្រាប់បង្កើតរោងចក្រផលិតនូវគ្រឿងអលង្ការលម្អ ដែលនឹងត្រូវផ្គត់ផ្គង់ដល់ក្រុមហ៊ុនដែលមានម៉ាកល្បីៗ នៅលើពិភពលោក។

បើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ CDC នៅលើទំព័រហ្វេសប៊ុក បានបញ្ជាក់ថា ការសម្រេចចិត្តរបស់ក្រុមហ៊ុននេះ គឺដោយបានសំឡឹងឃើញថា កម្ពុជាមានវប្បធម៌ និងអរិយធម៌យូរអង្វែង ដែលជាចំណុចសំខាន់សម្រាប់បន្ស៊ីគ្នាជាមួយផលិតផលរបស់ខ្លួន ដែលគ្រោងនឹងផលិតនៅក្នុងប្រទេសកម្ពុជា។

ទន្ទឹមនឹងនេះ CDC បន្ថែមទៀតថា ក្រុមហ៊ុន បានសិក្សាអំពីសក្តានុពលវិនិយោគនៅកម្ពុជា តាំងពីដើមឆ្នាំ២០១៩ មកម៉្លេះ មុននឹងសម្រេចបោះទុនបង្កើតរោងចក្រផលិតគ្រឿងអលង្ការនៅប្រទេសកម្ពុជា ដែលគ្រោងនឹងចាប់ផ្តើមប្រតិបត្តិការវិនិយោគនៅខែមករា ឆ្នាំ២០២៤ ខាងមុខ ដោយក្រុមហ៊ុនសូមរក្សាសិទ្ធិមិនបញ្ចេញឈ្មោះនាពេលនេះ។

គួររំលឹកថា រយៈពេល៥ឆ្នាំកន្លងមកនេះ ប្រទេសកម្ពុជាបាន និងកំពុងអភិវឌ្ឍន៍វិស័យគ្រឿងអលង្ការ និងត្បូងមានតម្លៃរបស់ខ្លួន និងទទួលបានឱកាសកាន់តែច្រើនជាងមុន។

បន្ទាប់ពីកម្ពុជាចូលទៅក្នុងប្រព័ន្ធពិភពលោក Kimberley process នៅចុងឆ្នាំ២០១២បូករួមនឹងការអនុគ្រោះពន្ធលើការនាំចេញគ្រឿងអលង្ការ និងត្បូងមានតម្លៃពីកម្ពុជា ទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិកកំពុងតែទាក់ទាញវិនិយោគិនពីខាងក្រៅច្រើនឡើងឲ្យមកវិនិយោគលើការកែច្នៃត្បូងមានតម្លៃនៅប្រទេសកម្ពុជា។

សូមជម្រាបថា នៅក្នុងរយៈពេល៣ខែ នៃត្រីមាសដំបូង ឆ្នាំ២០២២កន្លងទៅនេះ កម្ពុជាបានធ្វើការនាំចូលត្បូងគ្រប់ប្រភេទ និងគ្រឿងអលង្ការមកពីទីផ្សារអន្តរជាតិមានតម្លៃសរុបប្រមាណ ១ ៣១៧លានដុល្លារអាមេរិក ខណៈដែលការនាំចេញវិញមានទំហំត្រឹមប្រមាណ ៩១លានដុល្លារប៉ុណ្ណោះ។ នេះបើតាមទិន្នន័យអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។

សូមបញ្ជាក់ថា យោងតាមតួលេខក្រសួងពាណិជ្ជកម្មកម្ពុជាបានបង្ហាញថា ការធ្វើពាណិជ្ជកម្មត្បូងមានតម្លៃរបស់កម្ពុជា ក្នុង១ឆ្នាំៗមានទឹកប្រាក់ដល់ ទៅជាង១០០លានដុល្លារ៕