ត្រឹមពាក់កណ្តាលឆ្នាំនេះ អេស៊ីលីដា ផ្តល់ប្រាក់កម្ចី ១.២១ពាន់លានដុល្ការ ដើម្បីជំរុញវិស័យកសិកម្ម

សង្គម​និង​សេដ្ឋកិច្ច

គិតត្រឹមខែមិថុនា ឆ្នាំ២០២២ ធនាគារអេស៊ីលីដា បានផ្តល់ប្រាក់កម្ចីចំនួនទឹកប្រាក់ចំនួន ១.២១ ពាន់លានដុល្លារដល់វិស័យកសិកម្ម ដើម្បីចូលរួមជាមួយរដ្ឋាភិបាល ក្នុងការលើកកម្ពស់វិស័យកសិកម្ម រួមចំណែកដល់កំណើនសេដ្ឋកិច្ច។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លើកឡើងក្នុងកិច្ចប្រជុំផ្គូផ្គងអាជីវកម្មកសិកម្ម អេស៊ីលីដា ដែលមានការចូលរួមពីវិនិយោគិនក្នុងស្រុក និងបរទេស ដើម្បីបង្កើតបណ្តាញអាជីវកម្មទូលំទូលាយ និងឱកាសដើម្បីវិនិយោគលើវិស័យកសិកម្មនៅកម្ពុជា នៅថ្ងៃទី២១ ខែកក្កដានេះ បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកគ្រប់គ្រងធនាគារ អេស៊ីលីដា ភីអិលស៊ី បានឱ្យដឹងថា៖ «ដើម្បីចូលរួមជាមួយរដ្ឋាភិបាល ក្នុងការលើកកម្ពស់វិស័យកសិកម្ម ដើម្បីរួមចំណែកដល់កំណើនសេដ្ឋកិច្ច គិតត្រឹមខែមិថុនា ឆ្នាំ២០២២ ធនាគារអេស៊ីលីដា បានផ្តល់ប្រាក់កម្ចីយ៉ាងច្រើនដល់វិស័យកសិកម្មជាមួយនឹងចំនួនទឹកប្រាក់ចំនួន ១.២១ ពាន់លានដុល្លារអាមេរិក ស្មើនឹង ២០.៧៥% នៃផលប័ត្រប្រាក់កម្ចីសរុប របស់ធនាគារ»។

លោកគូសបញ្ជាក់ថា វិស័យកសិកម្មបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញ និងការចូលរួមចំណែកយ៉ាងច្រើន ដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងផ្តល់ការងារដល់កម្លាំងពលកម្មភាគច្រើននៅកម្ពុជា។ នាពេលនេះ វិស័យកសិកម្មបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការធានាសន្តិសុខស្បៀង និងផលិតផលអាហារូបត្ថម្ភ ប្រកបដោយនិរន្តរភាពសម្រាប់ទាំងប្រទេសកម្ពុជា និងប្រទេសដទៃទៀតក្នុងពិភពលោក។

សូមជម្រាបថា គិតត្រឹមខែមីនា ឆ្នាំ២០២២ ធនាគារអេស៊ីលីដា បានផ្តល់ប្រាក់កម្ចីជាង ៣៤% ដល់វិស័យកសិកម្មនៃវិស័យធនាគារនៅកម្ពុជា។ ដោយមើលឃើញថា ធនាគារបានផ្តល់ប្រាក់កម្ចីយ៉ាងច្រើន ដល់វិស័យកសិកម្ម, អង្គការ JICA និង SMBC បានផ្តល់ប្រាក់កម្ចីសហហិរញ្ញប្បទានចំនួន ១៣៥ លានដុល្លារដល់ធនាគារអេស៊ីលីដា សម្រាប់ផ្តល់កម្ចីបន្ថែមដល់វិស័យកសិកម្មនៅកម្ពុជា។

បន្ថែមទៀតនោះ ធនាគារ អេស៊ីលីដា និងធនាគារគ្រប់គ្រងដោយរដ្ឋ ធនាគារកសិកម្ម និងអភិវឌ្ឍន៍ជនបទ (ARDB) បានផ្តល់កម្ចីសហហិរញ្ញប្បទាន ដល់វិស័យកសិកម្មស្មើៗគ្នាក្នុងចំនួនទឹកប្រាក់រហូតដល់ ៤០លានដុល្លារអាមេរិក។ អនុវត្តតាមគម្រោងសហហិរញ្ញប្បទានទាំងនេះ វានឹងអាចឱ្យធនាគារផ្តល់ប្រាក់កម្ចីកាន់តែច្រើន ដល់វិស័យកសិកម្មនៅក្នុងឧស្សាហកម្ម៕