ទុនវិនិយោគក្នុងវិស័យឧស្សាហកម្ម មានប្រមាណជាង២៥ពាន់លានដុល្លារ កើនឡើង២៣%

សង្គម​ និង​សេដ្ឋកិច្ច

លោក ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្មវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា វិស័យឧស្សាហកម្មកម្ពុជាបាន និងកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លើកឡើងក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពីការដាក់ឱ្យអនុវត្តគោលការណ៍ណែនាំប្លង់បច្ចេកទេស ប្រកាសស្តីពីប្រព័ន្ធគ្រប់គ្រងការបំពុល និងការគ្រប់គ្រងហានិភ័យនៅក្នុងរោងចក្រ សហគ្រាស និងសិប្បកម្ម កាលពីថ្ងៃទី២ ខែកុម្ភៈ លោក ហែម វណ្ណឌី បានឱ្យដឹងថា គិតត្រឹមចុងឆ្នាំ២០២៥ កម្ពុជាមានរោងចក្រធុនធំកំពុងដំណើរការចំនួន ៣,០៨៣ កើនឡើង ៦៥៨ មូលដ្ឋាន ស្មើនឹង ២៧% ធៀបនឹងឆ្នាំ២០២៤។

ជាមួយគ្នានេះ ទុនវិនិយោគសរុបមានចំនួន ២៥,១៦៨ លានដុល្លារអាមេរិក កើនឡើង ៤,៧១១ លានដុល្លារអាមេរិក ស្មើនឹង ២៣% ក្នុងនោះទុនវិនិយោគក្នុងស្រុកមានចំនួន ៣,៩០៦ លានដុល្លារអាមេរិក ស្មើនឹង ១៥% នៃទុនវិនិយោគសរុប។

លោកបានបន្ថែមថា ជាមួយនឹងកំណើនទាំងនេះ សុវត្ថិភាពឧស្សាហកម្ម និងអភិបាលកិច្ចល្អក្នុងខ្សែច្រវាក់ផលិតកម្មកាន់តែដើរតួសំខាន់សម្រាប់អនាគតឧស្សាហកម្មកម្ពុជា។ ដោយលោករដ្ឋមន្រ្តីបញ្ជាក់ទៅកាន់រោងចក្រ សហគ្រាស និងសិប្បកម្មថា ”ប្លង់បច្ចេកទេសរោងចក្រដែលបានគិតគូរ និងរៀបចំគ្រប់ជ្រុងជ្រោយ គឺជាខែលការពារដំបូងបំផុត ដែលមិនត្រឹមតែជួយបង្កើនប្រសិទ្ធភាពប្រតិបត្តិការប៉ុណ្ណោះទេ ប៉ុន្តែសំខាន់បំផុតនោះ គឺជួយការពារអាយុជីវិតបងប្អូនកម្មករ-យោជិតរបស់យើង។”

គួរឱ្យដឹងដែរថា តាមការព្យាករវិស័យឧស្សាហកម្ម ត្រូវបានព្យាករថានឹងមានកំណើនក្នុងរង្វង់ ៧,២% ក្នុងឆ្នាំ ២០២៦ ដែលជាកំណើនថមថយ បើធៀបនឹងកំណើនឆ្នាំ ២០២៥ ដោយសារការថមថយចលនការនៃកំណើនវិស័យបម្រើការនាំចេញ ពោលគឺ អនុវិស័យកាត់ដេរ និងកម្មន្តសាលមិនមែនកាត់ដេរ ក្រោមការរំពឹងទុកបច្ច័យនៃ ការអនុវត្តពន្ធគយបដិការ ដែលនឹងធ្វើឱ្យតម្រូវការសកលមាននិន្នាការថមថយ, ប៉ុន្តែយ៉ាងណាវិញនៅតែជាកំណើនល្អដោយសាររោងចក្រ-សហគ្រាស មានលទ្ធភាពបន្សំខ្លួនបានបន្តិចម្តងៗ ទៅនឹងរបត់គោលនយោបាយពាណិជ្ជកម្ម និងសមតាពាណិជ្ជកម្មថ្មីនេះ៕