កម្ពុជា-ប៉ាគីស្ថាន ប្តេជ្ញារួមគ្នាជំរុញ និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសក្តានុពលឱ្យកាន់តែខ្លាំង សំដៅឈានទៅជំរុញកំណើនពាណិជ្ជកម្មកម្ពុជា-ប៉ាគីស្ថានឱ្យកាន់តែរីកចម្រើនថែមទៀត។

ការប្តេជ្ញានេះ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សារវាងលោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា ជាមួយលោក ជែម កាម៉ាល់ ខាន់ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៃសាធារណរដ្ឋឥស្លាមប៉ាគីស្ថាន កាលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ នៅរដ្ឋធានីអ៊ីស្លាម៉ាបាដ សាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន។

ក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរវាយតម្លៃខ្ពស់លើវឌ្ឍនភាពដ៏ល្អលើកិច្ចសហប្រតិបត្តិការតាមវិស័យដែលមានសក្តានុពល និងបានពិភាក្សាផ្លាស់ប្តូរយោបល់គ្នាលើកាលានុវត្តភាពសម្រាប់ការនាំចេញនិងការបើកច្រកទីផ្សារបន្ថែមទៀត ក្នុងគោលដៅជំរុញកំណើនពាណិជ្ជកម្មកម្ពុជា-ប៉ាគីស្ថានឱ្យកាន់តែរីកចម្រើន។ បន្ថែមពីនេះទៀត ភាគីទាំងពីរក៏បានពិភាក្សាលើកិច្ចការបន្ត ដូចជាការរៀបចំអនុស្សរណៈនៃការយោគយល់គ្នាតាមវិស័យមួយចំនួន ដើម្បីជាមូលដ្ឋានសម្រាប់កិច្ចសប្រតិបត្តិការសេដ្ឋកិច្ចស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយ សំដៅផ្ដល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក និងការទទួលបានឧត្តមភាពនៃប្រទេសទាំងពីរ។
ក្នុងកិច្ចប្រជុំនេះផងដែរ ភាគីទាំងពីរ ក៏បានចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន៣ រួមមាន៖ កំណត់ហេតុកិច្ចប្រជុំ សេចក្តីប្រកាសរួមស្តីកិច្ចព្រមព្រៀងអនុគ្រោះពាណិជ្ជកម្មកម្ពុជា-ប៉ាគីស្ថាន និងអនុស្សរណៈយោគយល់គ្នាស្តីពីការជំរុញពាណិជ្ជកម្មជាដើម៕ អត្ថបទ៖ ហ្សាលីន


