រដ្ឋមន្រ្តីកសិកម្ម ជំរុញប្រេស៊ីលពិនិត្យលទ្ធភាពផ្គត់ផ្គង់ធាតុចូលកសិកម្មមានគុណភាពខ្ពស់ និងតម្លៃសមរម្យ

សង្គម​ និង​សេដ្ឋកិច្ច

លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជំរុញទៅកាន់ប្រទេសប្រេស៊ីលឱ្យពិនិត្យលទ្ធភាពផ្គត់ផ្គង់ធាតុចូលកសិកម្ម និងបច្ចេកទេសកសិកម្ម ដែលមានគុណភាពខ្ពស់ តម្លៃសមរម្យ ដើម្បីជួយកសិករកម្ពុជា។ការស្នើនេះ នៅពេលដែលលោករដ្ឋមន្រ្តី ជួបជាមួយលោកស្រី Viviana Loss Sanmartin កាលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាឱកាសនៃជំនួបនោះ លោក ឌិត ទីណា បានសម្តែងការស្វាគមន៍ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ និងពិភាក្សាអំពីលទ្ធភាពកសិ-ពាណិជ្ជកម្មរវាងប្រទេសទាំងពីរដើម្បីបំពេញបន្ថែមគ្នាទៅវិញទៅមក។ លោកក៏បានគូសបញ្ជាក់អំពីកសិផលសក្តានុពលកម្ពុជា រួមមាន៖ អង្ករ ដំឡូងមី ស្វាយចន្ទី ជាដើម ដែលជាឱកាសសម្រាប់វិស័យឯកជនប្រេស៊ីលសហការធ្វើការវិនិយោគលើការកែច្នៃ វេចខ្ចប់ ការធ្វើទីផ្សារផលិតផល និងនាំចេញទៅទីផ្សារអន្តរជាតិ។

ទន្ទឹមនឹងនេះ លោករដ្ឋមន្រ្តី ក៏លើកទឹកចិត្តភាគីប្រេស៊ីលពិនិត្យលទ្ធភាពផ្គត់ផ្គង់ធាតុចូលកសិកម្ម និងបច្ចេកទេសកសិកម្ម ដែលមានគុណភាពខ្ពស់ តម្លៃសមរម្យ ជួយកសិករកាត់បន្ថយថ្លៃដើមផលិតកម្ម និងមាននិរន្តរភាពសេដ្ឋកិច្ច។

សូមជម្រាបដែរថា តាមរយៈកិច្ចប្រជុំខាងលើនេះដែរ កម្ពុជា-ប្រេស៊ីល ក៏បានវាយតម្លៃខ្ពស់ចំពោះការរីកលូតលាស់កិច្ចសហប្រតិបត្តិការ សំដៅជំរុញនិងបង្កើនទំហំកសិ-ពាណិជ្ជកម្មដែលបំពេញបន្ថែមគ្នាទៅវិញទៅមក ជាពិសេសការបង្កើននូវទំនាក់ទំនងធុរកិច្ចល្អរវាងវិស័យឯកជននៃប្រទេសទាំងពីរ៕អត្ថបទ៖ហ្សាលីន