នាពេលឆាប់ៗខាងមុខនេះ រោងចក្រផលិតក្តារបន្ទះ ក្រោមទំហំទុនវិនិយោគ ៤លានដុល្លារអាមេរិក នឹងមានវត្តមាននៅក្នុងខេត្តកោះកុង ខណៈបច្ចុប្បន្នរដ្ឋាភិបាលបានសម្រេចអនុម័តគម្រោងនេះរួចរាល់ហើយ។ នេះបើយោងតាមការប្រកាសរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានប្រកាសចូលរួមអបអរសាទរដល់ប្រជាពលរដ្ឋស្រុកស្រែអំបិល ខេត្តកោះកុង ដែលទទួលបានគម្រោងវិនិយោគបង្កើតរោងចក្រផលិតក្តារបន្ទះ ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស កោះកុង ចេជាង ក្នុងទំហំទុនវិនិយោគ ៤លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១៩៦កន្លែង។
គម្រោងវិនិយោគបង្កើតរោងចក្រផលិតក្តារបន្ទះ មានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសកោះកុង ចេជាង គឺវិនិយោគដោយក្រុមហ៊ុន SHANG JIA WOOD INDUSTRY CO., LTD.។
សូមជម្រាបដែរថា ក្នុងខែមករា ឆ្នាំ២០២៦ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចុះបញ្ជីគម្រោងវិនិយោគចំនួន៤៣ ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ៧៥២លានដុល្លារអាម៉េរិក។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦៕ អត្ថបទ៖ហ្សាលីន


