សភាពាណិជ្ជកម្មអ៊ីស្រាអែល មានបំណងនាំយកជំនាញឈានមុខគេផ្នែកបច្ចេកវិទ្យា និងនវានុវត្តន៍របស់អ៊ីស្រាអែលមកកាន់កម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

ប្រធានសភាពាណិជ្ជកម្មអ៊ីស្រាអែល (CICC) បានលើកឡើងពីគោលបំណងក្នុងការចូលរួមចំណែកជំរុញសន្ទុះនៃការអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា ដោយការនាំយកនូវជំនាញឈានមុខគេផ្នែកបច្ចេកវិទ្យា និងនវានុវត្តន៍របស់អ៊ីស្រាអែលមកកាន់កម្ពុជា តាមរយៈកម្មវិធីភាពជាដៃគូដែលមានរចនាសម្ព័ន្ធរវាងស្ថាប័នឧត្តមសិក្សាអ៊ីស្រាអែល និងកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះបើតាមរយៈជំនួបសម្តែងការគួរសម និងពិភាក្សាការងារ រវាងឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយគណៈប្រតិភូសភាពាណិជ្ជកម្មអ៊ីស្រាអែល (CICC) ដឹកនាំដោយ លោក Moran Hadad ប្រធានសភាពាណិជ្ជកម្មអ៊ីស្រាអែល (CICC) កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦។

ក្នុងឱកាសនេះ លោក ប្រធានសភាពាណិជ្ជកម្មអ៊ីស្រាអែល (CICC) បានលើកឡើងពីគោលបំណងក្នុងការចូលរួមចំណែកជំរុញសន្ទុះនៃការអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា ដោយការនាំយកនូវជំនាញឈានមុខគេផ្នែកបច្ចេកវិទ្យា និងនវានុវត្តន៍របស់អ៊ីស្រាអែលមកកាន់កម្ពុជា តាមរយៈកម្មវិធីភាពជាដៃគូដែលមានរចនាសម្ព័ន្ធរវាងស្ថាប័នឧត្តមសិក្សាអ៊ីស្រាអែល និងកម្ពុជា ដែលផ្តោតសំខាន់លើការរៀបចំកម្មវិធីបណ្តុះបណ្តាល និងកិច្ចសហការជាមួយគ្រឹះស្ថានឧត្តមសិក្សាដែលមានកិត្យានុភាព ក្នុងគោលដៅពង្រឹងសមត្ថភាព និងផ្លាស់ប្តូរជំនាញដល់យុវជនកម្ពុជា អភិវឌ្ឍធនធានមនុស្សកម្ពុជា ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល។

ជាការឆ្លើយតប ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនាពេលកន្លងមក ជាពិសេសក្នុងវិស័យអប់រំ និងបានសម្តែងនូវការស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមនេះ ដែលនឹងផ្តល់ឱកាសឱ្យភាគីទាំងពីរបានស្វែងយល់ពីវប្បធម៌ការងារគ្នាទៅវិញទៅមក និងពង្រឹងកិច្ចសហការក្នុងជំនាញជាច្រើន ជាពិសេសក្នុងជំនាញបច្ចេកវិទ្យា។

ក្នុងស្មារតីនេះ ឯកឧត្តមបញ្ជាក់ថាក្រសួងនឹងពិនិត្យមើលលទ្ធភាពនៃកិច្ចសហប្រតិបត្តិការឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីជំរុញការកសាងហេដ្ឋារចនាសម្ព័ន្ធ និងការរៀបចំការបណ្តុះបណ្តាលតាមបែបផ្លូវការឱ្យកាន់តែប្រសើរឡើង ដោយជឿជាក់ថា នេះគឺជាជំហានដ៏វិជ្ជមានមួយក្នុងការបង្កើនលទ្ធភាពទទួលបានចំណេះដឹង និងការស្រាវជ្រាវថ្មីៗ ដែលនឹងក្លាយជាគ្រឹះដ៏សំខាន់សម្រាប់យុវជនកម្ពុជាក្នុងការត្រៀមខ្លួនសម្រាប់នាពេលអនាគត ក្នុងយុគសម័យឌីជីថលនេះ៕