សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបន្តប្រាប់ការពិតទៅកាន់ពិភពលោក តាមរយៈបណ្តាញសារព័ត៌មាន Fox News របស់សហរដ្ឋអាមេរិក ថាកងទ័ពថៃ ចូលឈ្លានពានកាន់កាប់ដីកម្ពុជាដោយខុសច្បាប់ និងកាន់កាប់ហួសតំបន់ដែលខ្លួនចង់បានជាឯកតោភាគីទៅទៀត។

នាឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា ឥឡូវនេះកងកម្លាំងថៃបានឈ្លានពានចូល និងកាន់កាប់ទឹកដីក្នុងដែនអធិបតេយ្យកម្ពុជា ហួសពីខ្សែបន្ទាត់នៃជម្លោះ និងផែនទីឯកតោភាគីរបស់ខ្លួនទៅទៀត ដោយការបិទផ្លូវចូលភូមិតាមរយៈការរាយលួសបន្លា និងទូកុងតឺន័រ ដែលធ្វើឱ្យប្រជាពលរដ្ឋកម្ពុជា ប្រមាណ ៨ម៉ឺននាក់មិនអាចត្រឡប់ទៅផ្ទះ និងភូមិឋានរបស់ពួកគាត់វិញបាន”។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូច្នេះប្រាប់សារព័ត៌មាន Foxnews របស់សហរដ្ឋអាម៉េរិក កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ (ម៉ោងនៅអាម៉េរិក) ក្នុងឱកាសដែលសម្តេចធិបតី អញ្ជើញចូលរួមកិច្ចប្រជុំដំបូងក្រុមប្រឹក្សាសន្តិភាព (Board of Peace) នៅវិទ្យាស្ថានសន្តិភាពសហរដ្ឋអាម៉េរិក ដូណាល់ ជេ ត្រាំ នៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាម៉េរិក។

ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាន់ជំហររបស់យើងតែងតែប្រកាន់ខ្ជាប់នូវដំណោះស្រាយដោយសន្តិវិធី ការសន្ទនាដោយសន្តិវិធី ពីព្រោះយើងមិនជឿថា ការប្រើប្រាស់សង្គ្រាម ដើម្បីបញ្ឈប់សង្គ្រាមគឺគ្មាននិរន្តរភាព ឬជាក់ស្តែងនោះទេ។ សម្តេចធិបតី បានជំរុញឱ្យប្រទេសថៃអនុញ្ញាតឱ្យប្រជាជនរបស់យើងត្រឡប់ទៅវិញ ហើយក៏ចាប់ផ្តើមដំណើរការបោះបង្គោលព្រំដែនជាមួយកម្ពុជាតាមរយៈយន្តការរួមដែលយើងទាំងពីរយល់ព្រមជាមួយគ្នា។
ជាថ្មីម្តងទៀត សម្តេចធិបតី បានបញ្ជាក់ជាថ្មីថា កងកម្លាំងឈ្លានពានថៃក៏បាននិងកំពុងបង្កើតស្ថានភាពថ្មីនៅលើទីតាំងជាក់ស្តែង (fait accompli) ដែលកម្ពុជាមិនអាចទទួលយកបានជាដាច់ខាត ហើយរាជរដ្ឋាភិបាលកម្ពុជា បានតវ៉ាជាផ្លូវការតាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាបន្តបន្ទាប់ដោយប្រឆាំងដាច់ខាតនឹងសកម្មភាពទាំងនេះ ហើយកម្ពុជាមិនទទួលស្គាល់ដាច់ខាតការកែប្រែខ្សែបន្ទាត់ព្រំដែន ឬការកាន់កាប់ទឹកដីដោយខុសច្បាប់អន្តរជាតិ តាមរយៈការប្រើប្រាស់កម្លាំងឡើយ៕អត្ថបទ៖ហ្សាលីន

