នៅក្នុងដំណើរទស្សនកិច្ចរបស់លោក ហាយ៉ាស៊ី តេអ៊ីជី (HAYASHI Teiji) ឯកអគ្គរាជទូតនៃកិច្ចសហប្រតិបត្តិការមេគង្គ នៅប្រទេសកម្ពុជា» បានសង្កត់ធ្ងន់ថា ប្រទេសជប៉ុន នឹងពង្រឹងនូវកិច្ចសហប្រតិបត្តិការបន្ថែមទៀត ដើម្បីបន្ធូរបន្ថយភាពតានតឹងរវាងកម្ពុជា-ថៃ។

យោងតាមស្ថានទូតជប៉ុនប្រចាំកម្ពុជា បាន្យដឹងថា លោក ហាយ៉ាស៊ី តេអ៊ីជី (HAYASHI Teiji) ឯកអគ្គរាជទូតនៃកិច្ចសហប្រតិបត្តិការមេគង្គ ថ្លែងបែបនេះ ក្នុងឱកាសបានជួបជាមួយលោក នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោកស្រី អ៊ាត សោភា រដ្ឋលេខាធិការប្រចាំការ (រដ្ឋមន្ត្រីស្តីទី) នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ ដើម្បីផ្លាស់ប្តូរទស្សនៈលើស្ថានភាពបច្ចុប្បន្ននៃព្រំដែនរវាងកម្ពុជា-ថៃ។
ក្នុងជំនួបទាំងនោះ ឯកអគ្គរាជទូត ហាយ៉ាស៊ី បានថ្លែងថា ទំនាក់ទំនងល្អរវាងកម្ពុជា និងថៃ គឺជាមូលដ្ឋានគ្រឹះសម្រាប់ស្ថិរភាព និងការអភិវឌ្ឍនៃតំបន់មេគង្គទាំងមូល ដោយបង្ហាញពីសារៈសំខាន់នៃដំណោះស្រាយដោយសន្តិវិធីតាមរយៈការសន្ទនារវាងប្រទេសទាំងពីរ។ លើសពីនេះ ឯកអគ្គរាជទូត ហាយ៉ាស៊ី ក៏បានពន្យល់ពីកិច្ចសហប្រតិបត្តិការ និងការគាំទ្ររបស់ប្រទេសជប៉ុន និងបានសម្តែងការជឿជាក់ថា ប្រទេសជប៉ុននឹងពង្រឹងនូវកិច្ចសហប្រតិបត្តិការបន្ថែមទៀត ដើម្បីបន្ធូរបន្ថយភាពតានតឹង។
សូមជម្រាបដែរថា បន្ទាប់ពីបញ្ចប់ទស្សនកិច្ចនៅប្រទេសកម្ពុជា ឯកអគ្គរាជទូត ហាយ៉ាស៊ី ក៏បានចាកចេញទៅកាន់ប្រទេសហ្វីលីពីន ដែលជាប្រធានអាស៊ានបច្ចុប្បន្ន ដើម្បីបន្តបំពេញទស្សនកិច្ចការងារ និងផ្លាស់ប្តូរទស្សនៈជាមួយភាគីពាក់ព័ន្ធថែមទៀតផងដែរ៕ អត្ថបទ៖ ហ្សាលីន

