អន្តរក្រសួង តំណាងក្រសួង-ស្ថាប័ន និងរដ្ឋបាលសាលារាជធានីភ្នំពេញ បានបើក“កិច្ចប្រជុំច្រកចេញ-ចូលតែមួយ” លើកទី ២ ក្នុងឆ្នាំ២០២៦ ដើម្បីពិនិត្យពិភាក្សាលើគម្រោងស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសចំនួន២។

កិច្ចប្រជុំនេះ បានធ្វើឡើងថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦ ដឹកនាំដោយគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រោមអធិបតីភាព លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា។

កិច្ចប្រជុំនេះ បានបើកពិនិត្យពិភាក្សាលើគម្រោងស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសចំនួន ២ រួមមាន៖ ១/. គម្រោងស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និង ២/. គម្រោងស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសរបស់ក្រុមហ៊ុន អម្រឹតា ឌីវេឡុបម៉ិន ឯ.ក។
សូមជម្រាបដែរថា គម្រោងវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសទាំងពីរនេះ នឹងក្លាយជាកម្លាំងចលករយ៉ាងសំខាន់ក្នុងការស្រូបយកគម្រោងវិនិយោគ ដោយផ្តោតសំខាន់លើបច្ចេកវិទ្យាឌីជីថល និងផ្តោតលើការប្រមូលផ្តុំការកែច្នៃកសិ-ឧស្សាហកម្ម ចំណីអាហារ ការវេចខ្ចប់ និង R&D៕ អត្ថបទ៖ ហ្សាលីន

