អគ្គលេខាធិការអង្គការហ្វ្រង់កូហ្វូនី ចុះសួរសុខទុក្ខពលរដ្ឋភៀសសឹកកម្ពុជា នៅខេត្តសៀមរាប

សង្គម​ និង​សេដ្ឋកិច្ច

លោកស្រី ល្វីស មូស៊ីគីវ៉ាបូ (Louise Mushikiwabo) អគ្គលេខាធិការអង្គការអន្តរជាតិនៃប្រទេសនិយាយភាសាបារាំង អមដំណើរដោយ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី៣ មីនានេះ បានចុះសួរសុខទុក្ខពលរដ្ឋភៀសសឹកកម្ពុជា នៅឃុំក្រឡាញ់ ស្រុកក្រឡាញ់ ខេត្តសៀមរាប ចំនួន ៤១៤គ្រួសារ ស្មើនឹង ១ ៣៩៥នាក់ ដែលមិនទាន់អាចត្រឡប់ទៅផ្ទះសម្បែងវិញបានដោយសារការឈ្លានពានរបស់យោធាថៃ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅជំរំភៀសសឹក លោកស្រីបានសម្តែងពីការយល់អារម្មណ៍ ចំពោះការលំបាកនៃជនភៀសសឹក ដោយសារលោកស្រីផ្ទាល់ក៏ធ្លាប់ឆ្លងកាត់ជីវិតជាជនភៀសសឹកដូចគ្នា នៅក្នុងប្រទេសរវ៉ានដារបស់លោកស្រី កាលពីឆ្នាំ១៩៦០។ លោកស្រី បានសម្ដែងសាមគ្គីភាពជាមួយជនភៀសសឹកកម្ពុជា ទាំងអស់ក្នុងនាមប្រទេសសមាជិកដែលនិយាយភាសាបារាំង។

ក្នុងពេលជាមួយគ្នានោះ លោកស្រី ក៏បានជូនពរឱ្យជនភៀសសឹក ទាំងអស់ឆ្លងកាត់ការលំបាកនេះបានឆាប់បំផុត និងសង្ឃឹមថានឹងមានដំណោះស្រាយឆាប់ៗ ដើម្បីអ្នកទាំងអស់គ្នាបានរស់នៅតាមធម្មតាវិញ។

យោងតាមក្រសួងមហាផ្ទៃ គិតត្រឹមថ្ងៃទី២ ខែមីនា នៅមាន ពលរដ្ឋភៀសសឹកជិត៥ ម៉ឺននាក់ទៀតដែលមិនអាចត្រឡប់ទៅ ភូមិឋានវិញបាន ដោយសារតែការកាន់កាប់ទឹកដីកម្ពុជាដោយ ខុសច្បាប់របស់យោធាថៃ ក៏ដូចជាការរស់នៅក្នុងតំបន់ក្រហម ជាប់នឹងព្រំដែន៕