អគ្គនាយកដ្ឋានគយ EU-ABC និង EuroCham បានបើកកិច្ចពិភាក្សាពាក់ព័ន្ធនឹងការផ្ដល់កិច្ចសម្រួលពាណិជ្ជកម្ម និងការធ្វើសាមញ្ញកម្មនីតិវីធីគយ

សង្គម​ និង​សេដ្ឋកិច្ច

អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (អគរ) ជាមួយគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចសហភាពអឺរ៉ុប-អាស៊ាន (EU-ABC) និងសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជា (EuroCham) បានបើកកិច្ចពិភាក្សាពាក់ព័ន្ធនឹងការផ្ដល់កិច្ចសម្រួលពាណិជ្ជកម្ម និងការធ្វើសាមញ្ញកម្មនីតិវីធីគយ កាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កិច្ចប្រជុំ​នេះ បានធ្វើឡើងក្រោមអធិបតី លោក គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ​និងរដ្ឋាករកម្ពុជា, លោក Chris Humphrey នាយកប្រតិបត្តិនៃក្រុមប្រឹក្សាធុរកិច្ចសហភាពអឺរ៉ុប-អាស៊ាន និង លោក Tassilo Brinzer អនុប្រធានសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជា ដោយមានការចូលរួមពីតំណាងវិស័យឯកជនជាសមាជិក EU-ABC និង EuroCham ព្រមទាំងថ្នាក់ដឹកនាំនិងមន្ត្រីគយនិងរដ្ឋាករ​កម្ពុជាផងដែរ។

កិច្ចប្រជុំបានពិភាក្សាលើប្រធានបទសំខាន់ៗមួយចំនួន រួមមាន៖ ការធ្វើឌីជីថលភាវូបនីយកម្មនីតិវិធីគយ ​កិច្ចសម្រួលពាណិជ្ជកម្ម កម្មវិធីប្រតិបត្តិករសេដ្ឋកិច្ចបានទទួលការអនុញ្ញាត ការគ្រប់គ្រងហានិភ័យ អនុលោមភាពនិងការអនុវត្តច្បាប់ និងភាពជាដៃគូជាមួយវិស័យឯកជនជាដើម។

នាឱកាសនោះ លោក គុណ ញឹម បានលើកឡើងពីវឌ្ឍនភាពនៃការងារកំណែទម្រង់និងទំនើបកម្មគយ ក្នុងគោលបំណងផ្តល់នូវកិច្ចសម្រួលពាណិជ្ជកម្ម គាំទ្រដល់វិស័យឯកជន និងទាក់ទាញវិនិយោគ ស្របតាមចក្ខុវិស័យ បេសកកម្ម និងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។

ទន្ទឹមនឹងនោះ លោក Chris Humphrey នាយកប្រតិបត្តិនៃក្រុមប្រឹក្សាធុរកិច្ចសហភាពអឺរ៉ុប-អាស៊ាន បានលើកឡើងពីការគាំទ្រដល់វិស័យឯកជន និងបានដាក់ចេញវិធានការកិច្ចសម្រួលពាណិជ្ជកម្មជាបន្តបន្ទាប់ដល់ធុរជនពាក់ព័ន្ធនឹងការងារគយ ក្នុងបរិការណ៍ដែលសេដ្ឋកិច្ចនិងនយោបាយពិភពលោកមានភាពមិនប្រាកដប្រជា។

ជាមួយគ្នានោះ លោក Tassilo Brinzer អនុប្រធានសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជា ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ អគរ​ ក្នុងការលើកកម្ពស់ និងកែលម្អបរិយាកាសធុរកិច្ចឱ្យបានកាន់តែប្រសើរ និងសូមផ្ដល់ការគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងនេះផងដែរ។

គួរបញ្ជាកថា អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ក្រុមប្រឹក្សាធុរកិច្ចសហភាពអឺរ៉ុប-អាស៊ាន (EU-ABC) និងសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជា (EuroCham) បានសហការ​នឹង​​បន្តពង្រឹងកិច្ចសហការជាមួយគ្នាឱ្យកាន់តែជិតស្និទ្ធ ក្នុងគោលបំណងកែលម្អបរិយាកាសធុរកិច្ច និងពង្រឹងនូវឧត្តមភាពប្រកួតប្រជែង ដើម្បីចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរីកចម្រើនបន្ថែមទៀត៕