សូត្រមាសភ្នំស្រុក គ្រោងចុះបញ្ជីជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញឆាប់ៗខាងមុខនេះ

សង្គម​ និង​សេដ្ឋកិច្ច

សូត្រមាសភ្នំស្រុក  មានវត្តមាននៅលើទឹកដីខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាប ជាយូរលង់ណាស់មកហើយ ត្រូវបានមន្រ្តីពាណិជ្ជកម្ម នាយកដ្ឋានកម្មសិទ្ធបញ្ញា គ្រោងនឹងត្រូវបានចុះបញ្ជីជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញនាពេលខាងមុខឆាប់ៗនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កាលពីថ្ងៃទី៥ ខែមីនា លោក កឹម សុខុន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ក៏បានបើកមហាសន្និបាតកំណើតដំបូងសមាគមសិប្បករតម្បាញសូត្រមាសភ្នំស្រុក នៅខេត្តបន្ទាយមានជ័យផងដែរ ដើម្បីពិនិត្យ និងអនុម័តលើលក្ខន្តិកៈរបស់សមាគមសិប្បករតម្បាញសូត្រមាសភ្នំស្រុក សេចក្តីព្រាងសៀវភៅបន្ទុក និងរៀបចំបោះឆ្នោតជ្រើសរើសប្រធាន អនុប្រធាន និងគណៈកម្មការប្រតិបត្តិរបស់សមាគម។

មន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម លោក កឹម សុខុន បានជំរុញ និងលើកទឹកចិត្តឱ្យសមាគមខិតខំប្រឹងប្រែងក្នុងការកសាងកេរ្តិ៍ឈ្មោះ ពង្រឹងនិងបង្កើនសមត្ថភាព ផលិតភាព លើកកម្ពស់ និងការពារអភិរក្សសូត្រមាសភ្នំស្រុក ដែលជាផលិតផលមានគុណភាពខ្ពស់ ផ្សារភ្ជាប់នឹងតំបន់ភូមិសាស្រ្ត វប្បធម៌ប្រពៃណី និងចំណេះដឹង-ចំណេះធ្វើ ពីដូនតា ការដាំដុះដើមមន ការចិញ្ចឹមដង្កូវនាង បូកផ្សំនឹងការវេញសរសៃសូត្រពីសំបុកដង្កូវនាង រហូតដល់បានជាសរសៃសូត្រពណ៌មាស ដែលមានវត្តមាននៅលើទឹកដីខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាប ជាយូរលង់ណាស់មកហើយ ដែលនឹងត្រូវបានចុះបញ្ជីជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញនាពេលខាងមុខឆាប់ៗនេះ។

លោកបន្តថា ក្រសួងពាណិជ្ជកម្ម ដែលមាននាយកដ្ឋានកម្មសិទ្ធិបញ្ញា ជាសេនាធិការ នឹងបន្តគាំទ្រ ស្វែងរកជំនួយបច្ចេកទេស និងសហការជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីលើកកម្ពស់សមត្ថភាព និងជំរុញការកសាងកេរ្តិ៍ឈ្មោះម៉ាកសម្គាល់ភូមិសាស្រ្តទំនិញសូត្រមាសភ្នំស្រុក ឱ្យកាន់តែមានឈ្មោះល្បីល្បាញ និងមានទីផ្សារបន្ថែមទៀត។

សូមបញ្ជាក់ថា អង្គមហាសន្និបាត បានបោះឆ្នោតអនុម័តយល់ព្រមទៅលើ (១) លក្ខន្តិកៈរបស់សមាគមសិប្បកម្មសូត្រមាសភ្នំស្រុក (២) សៀវភៅបន្ទុកម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ ដែលមានចែងលម្អិតពីពូជ ប្រភេទមននិងដង្កូវនាង វិធីសាស្រ្តដាំដុះ ការថែទាំដង្កូវនាង ការវេញសូត្រ និងវិធីសាស្ត្រប្រើពណ៌ធម្មជាតិជាដើម និង(៣)បានបោះឆ្នោតជ្រើសរើសប្រធានសមាគម ចំនួន ១រូប  អនុប្រធានចំនួន២រូប និងសមាជិកគណៈប្រតិតបត្តិ ចំនួន ៥រូប។

បើតាមលោកស្រីប្រធានសមាគមដែលជាប់ឆ្នោត រួមទាំងសមាជិកសមាគមទាំងអស់ ក៏បានប្តេជ្ញាជំរុញនិងលើកកម្ពស់ផលិតភាព និងគុណភាពរបស់សូត្រមាសភ្នំស្រុក និងកសាងសមាគមឱ្យមានភាពរីកចម្រើន ដើម្បីឱ្យផលិតផលសូត្រមាសភ្នំស្រុក អាចចូលទៅកាន់ទីផ្សារបរទេសបន្ថែមទៀត។

គួរបញ្ជាក់ថា គិតត្រឹមធ្នូ ឆ្នាំ២០២៥ នៅតំបន់ភ្នំស្រុកមានអ្នកចិញ្ចឹមដង្កូវនាងជាង១០ គ្រួសារ និងមានអ្នកតម្បាញជាង ៧០ គ្រួសារ។ បរិមាណសូត្រដែលផលិតបានអាស្រ័យទៅតាមគ្រួសារនីមួយៗ។ ភាគច្រើនសូត្រត្រូវបានប្រើប្រាស់សម្រាប់ត្បាញជាសារ៉ុង សំពត់ កន្សែងសូត្រ និងផាមួង (ទៅតាមការបញ្ជារទិញរបស់អ្នកប្រើប្រាស់) ។បើតាមការគ្រោងទុកពីចុងឆ្នាំ២០២៥ ក្រុមការងារបច្ចេកទេសនឹងចុះបញ្ជី “សូត្រភ្នំស្រុក” ឱ្យបានត្រឹមខែមេសា ឆ្នាំ ២០២៦ខាងមុខនេះ៕