កម្ពុជា-ជប៉ុន គ្រោងបើកដំណើរការយន្តហោះពិសេស ក្នុងទិសដៅអភិវឌ្ឍន៍ធនធានមនុស្ស និងជំរុញកំណើនអ្នកទេសចរ

សង្គម​ និង​សេដ្ឋកិច្ច

កម្ពុជា-ជប៉ុន គ្រោងជំរុញឱ្យមានការបើកដំណើរការយន្តហោះពិសេស (Charter flight) រវាងទីក្រុងសៀមរាប/ភ្នំពេញ-ខេត្តអូគីណាវ៉ា ប្រទេសជប៉ុន ក្នុងទិសដៅជំរុញកំណើនអ្នកទេសចររវាងប្រទេសទាំងពីរ, ការបន្តផ្តល់ជំនួយជាអគារសិក្សានិងសម្ភារៈសិក្សាដល់សិស្សនិស្សិតក្រីក្រនៅខេត្តសៀមរាប និងសាលាបណ្ដុះបណ្តាលភាសាជប៉ុន ដើម្បីរួមចំណែកដល់ការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា និងគម្រោងបើកភោជនីយដ្ឋានខ្មែរ នៅខេត្តអូគីណាវ៉ា ដើម្បីលើកកម្ពស់ម្ហូបអាហារខ្មែរ និងផលិតផលខ្មែរបន្ថែមទៀតនៅក្នុងទីផ្សារជប៉ុន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការលើកឡើងបែបនេះក្នុងជំនួបរវាង លោក ស៊ីន សារ៉ាយ អនុព័ន្ធពាណិជ្ជកម្មអមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានពិភាក្សាជាមួយ លោក TANIMURA Shoki ប្រធានក្រុមហ៊ុន Jumbo Tours Co., Ltd. នៅខេត្តអូគីណាវ៉ា និង លោកស្រី សត វិជ្ជរី ប្រធានក្រុមហ៊ុន Magokoro Cambodia នៅខេត្តសៀមរាប ក្នុងការពង្រឹងវិស័យពាណិជ្ជកម្ម វិនិយោគ អប់រំ និងទេសចរណ៍រវាងប្រទេសកម្ពុជា-ជប៉ុន និងការលើកកម្ពស់ទីផ្សារផលិតផលខ្មែរ នៅក្នុងប្រទេសជប៉ុន កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦កន្លងទៅ។

យោងតាមរបាយការណ៍ បានបញ្ជាក់ថា ចាប់តាំងពីពាក់កណ្ដាលឆ្នាំ២០២៥ ក្រុមហ៊ុនទាំងពីរ បានសហការគ្នានាំយកផលិតផលខ្មែរ ជាពិសេសម្រេចកំពត ជ្រក់ម្រេច និងអំបិលកំពត មកផ្សព្វផ្សាយលក់ និងបានផ្គត់ផ្គង់ទៅតាមភោជនីយដ្ឋាន និងសណ្ឋាគារធំៗ នៅខេត្តអូគីណាវ៉ា រួមមានសណ្ឋាគារ Hyatt, Sheraton និង Hotel JAL City ជាដើម៕