សម្តេចធិបតី នឹងបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោដំណាក់កាលទី២ នាថ្ងៃ១១ មេសា ខាងមុខ

សង្គម​ និង​សេដ្ឋកិច្ច

ព្រែកជីកហ្វូណនតេជោ ក្នុងដំណាក់កាលទី២ ក្នុងភូមិសាស្រ្តស្រុកបូរីជលសារ ខេត្តតាកែវ គ្រោងនឹងបើក ការដ្ឋានសាងសង់ ក្រោមអធិបតីភាព សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជណាចក្រកម្ពុជា នៅថ្ងៃទីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ ខាងមុខនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះបើយោងតាមដំណើរចុះពិនិត្យមើលទីតាំងគ្រោងរៀបចំ បើកការដ្ឋានសាងសង់ ព្រែកជីកហ្វូណនតេជោ ក្នុងដំណាក់កាលទី២ ក្នុងភូមិសាស្រ្តស្រុកបូរីជលសារ ដឹកនាំដោយលោក វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ នាព្រឹកថ្ងៃចន្ទ ទី៣០ ខែមីនា ឆ្នាំ២០២៦។

នាឱកាសនោះ លោក វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានឱ្យដឹងថា រដ្ឋបាលខេត្តតាកែវ បានចុះពិនិត្យទីតាំងគ្រោងត្រៀមរៀបចំ ពិធីបើកការដ្ឋានសាងសង់ ព្រែកជីកហ្វូណនតេជោ ក្នុងដំណាក់កាលទី២ ស្ថិតនៅភូមិត្រើយឃ្លោក ឃុំដូងខ្ពស់ ស្រុកបូរីជលសារ នាពេលឆាប់ៗ ខាងមុខនេះ ស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត។

លោក វ៉ី សំណាង បានលើកឡើងថា គម្រោងព្រែកជីកហ្វូណនតេជោ គឺជាគម្រោងផ្លូវទឹកដ៏ធំមួយ ដែលមានសារៈសំខាន់ជាយុទ្ធសាស្ត្រសម្រាប់ការដឹកជញ្ជូន និងធ្វើពាណិជ្ជកម្ម។ គម្រោងនេះ ត្រូវបានរំពឹងថានឹងជំរុញសកម្មភាពសេដ្ឋកិច្ច និងដឹកជញ្ជូនក្នុងតំបន់ឱ្យកាន់តែប្រសើរ ឡើងថែមទៀត។

លោក បានបញ្ជាក់បន្ថែមថា ប្រសិនគ្មានអ្វីប្រែប្រួលនោះទេ នៅថ្ងៃទី១១ ខែមេសា ខាងមុខ និងមានការបើក ការដ្ឋានសាងសង់ ក្នុងដំណាក់កាលទី២ ក្នុងភូមិសាស្រ្តស្រុកបូរីជលសារ ខេត្តតាកែវ ស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជណាចក្រកម្ពុជា។

សូមជម្រាបថា គម្រោងព្រែកជីកហ្វូណនតេជោ ឆ្លងកាត់ខេត្តតាកែវ មានប្រវែងប្រមាណ ៥៨គីឡូម៉ែត្រ ដោយឆ្លងកាត់ ស្រុក-ក្រុងចំនួន៦ រួមមាន៖ ស្រុកអង្គរបូរី ស្រុកព្រៃកប្បាស ស្រុកទ្រាំង ស្រុកបូរីជលសារ ស្រុកកោះអណ្ដែត និងស្រុកគិរីវង់៕ អត្ថបទ៖ហ្សាលីន