គណៈប្រតិភូធុរកិច្ចរបស់សភាពាណិជ្ជកម្ម និងឧស្សាហកម្មក្រុង Incheon នៃប្រទេសកូរ៉េថា នឹងជួយជំរុញឱ្យសហគ្រិនកូរ៉េ មកសិក្សាពង្រីកសកម្មភាពវិនិយោគនៅកម្ពុជាបន្ថែមទៀត។

នេះបើយោងតាមជំនួបពិភាក្សការងាររវាងលោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា ជាមួយលោក Joo Bong Park ប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មក្រុង Incheon (ICCI) កាលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ ក្នុងគោលបំណងបង្ហាញបន្ថែមអំពីសក្តានុពល និងកាលានុវត្តភាពវិនិយោគនៅកម្ពុជា ព្រមទាំងបើកឱកាសថ្មីសម្រាប់កិច្ចសហប្រតិបត្តិការនៅពេលអនាគត។

នាឱកាសនោះ លោក ជា វុទ្ធី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់គណៈប្រតិភូនៅកម្ពុជា ដែលនឹងរួមចំណែកក្នុងការជំរុញរំហូរវិនិយោគពីសាធារណរដ្ឋកូរ៉េមកកាន់កម្ពុជា។ លោកលើកឡើងពីប្រសិទ្ធភាពនៃយន្តការកិច្ចសន្ទនារវាងរដ្ឋ និងវិស័យឯកជនកម្ពុជា-កូរ៉េ ដែលជាវេទិកាដ៏មានសារៈសំខាន់ក្នុងការសម្របសម្រួល និងដោះស្រាយបញ្ហាប្រឈមនានា ដើម្បីធានានូវភាពជោគជ័យ និងទំនុកចិត្តរបស់វិនិយោគិនក្នុងធុរកិច្ចនៅកម្ពុជា។
ជាមួយគ្នានេះ លោកបានលើកទឹកចិត្តឱ្យ ICCI ពិនិត្យលទ្ធភាពជំរុញ និងផ្សព្វផ្សាយទៅកាន់បណ្តាសហគ្រាសដែលមានសក្តានុពលឱ្យមកវិនិយោគនៅកម្ពុជា ពិសេសក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម, ព្រោះស្ថិតក្នុងបរិការណ៍មិនប្រាកដប្រជានៃពិភពលោកនាពេលបច្ចុប្បន្ន ការធានាបាននូវស្ថិរភាពស្បៀង គឺជាកត្តាចាំបាច់បំផុត ហើយដែលវិស័យនេះជាវិស័យដែលមានសក្តានុពលខ្ពស់សម្រាប់ការវិនិយោគនៅកម្ពុជា។

ជាការឆ្លើយតប លោក Joo Bong Park បានសម្តែងការចាប់អារម្មណ៍ខ្ពស់ចំពោះកាលានុវត្តភាពវិនិយោគនៅកម្ពុជា និងបានបញ្ជាក់ពីបំណងក្នុងការជំរុញឱ្យសហគ្រិនមកពីក្រុង Incheon មកសិក្សាស្វែងយល់អំពីទីផ្សារកម្ពុជា និងពង្រីកសកម្មភាពវិនិយោគនៅក្នុងវិស័យដែលមានសក្តានុពល។
តាមរយៈជំនួបខាងលើ ភាគីកូរ៉េ ក៏បានសន្យានឹងបន្តកិច្ចខិតខំប្រឹងប្រែងក្នុងការផ្សព្វផ្សាយពីភាពរីកចម្រើន និងកិច្ចសម្របសម្រួលដ៏ប្រសើររបស់រាជរដ្ឋាភិបាលកម្ពុជា ទៅកាន់សាធារណជន និងវិស័យឯកជនកូរ៉េ ដើម្បីជំរុញទំនាក់ទំនងសេដ្ឋកិច្ចរវាងភាគីទាំងពីរឱ្យកាន់តែស៊ីជម្រៅផងដែរ៕អត្ថបទ៖ហ្សាលីន

