ចិន បង្ហាញគម្រោងធំៗចំនួន៦ ដើម្បីរៀបចំផែនការមេអភិវឌ្ឍន៍កសិកម្មទំនើបនៅកម្ពុជា

សង្គម​និង​សេដ្ឋកិច្ច

មជ្ឈមណ្ឌលសហប្រតិបត្តិការសេដ្ឋកិច្ចក្រៅប្រទេសនៃក្រសួងកសិកម្ម និងកិច្ចការជនបទចិន បានលើកបង្ហាញនូវគម្រោងផែនការសកម្មភាព ចំនួន៦សំខាន់ៗដែលត្រូវធ្វើការសិក្សាលំអិត ដើម្បីឲ្យផែនការមេអភិវធ្ឍន៍កសិកម្មទំនើបនៅកម្ពុជាអាចអនុវត្តសម្រេចបានជោគជ័យ។ ការលើកឡើងនេះ ត្រូវបានបង្ហាញឡើងនៅក្នុងជំនួបពិភាក្សាការងារជាមួយលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តំណាងគណៈប្រតិភូពីមជ្ឈមណ្ឌលសហប្រតិបត្តិការសេដ្ឋកិច្ចក្រៅប្រទេសនៃក្រសួងកសិកម្ម និងកិច្ចការជនបទចិន លោក Zhang Lubiao បានឲ្យដឹងថា ភាគីចិនបានពិភាក្សាជាមួយក្រសួងស្ថាប័ននានា ដូចជាក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងពាណិជ្ជកម្ម CDC អង្គការអន្តរជាតិពាក់ព័ន្ធ និងអង្គការក្រៅរដ្ឋាភិបាលមួយចំនួន ដើម្បីស្វែងយល់ពីការតភ្ជាប់ទំនាក់ទំនងក្នុងវិស័យកសិកម្មនៅកម្ពុជា។

លោកបន្តថា ជាការសន្និដ្ឋានបឋម លោកបណ្ឌិតបានលើកឡើងនូវគម្រោងផែនការសកម្មភាព ចំនួន៦សំខាន់ៗដែលត្រូវធ្វើការសិក្សាលំអិត ដើម្បីឲ្យផែនការមេអភិវធ្ឍន៍កសិកម្មទំនើបនៅកម្ពុជាអាចអនុវត្តសម្រេចបានជោគជ័យរួមមាន៖ ១- ការរៀបចំបង្កើតជាតំបន់ដាំដុះ (Agricultural Zoning)២- ការរៀបចំខ្សែរច្រវ៉ាក់តំលៃ និងខ្សែរច្រវ៉ាក់ផ្គត់ផ្គង់ (Value and Supply Chain)៣- ការពង្រឹងសហគមន៍កសិករ (Farmer Cooperatives) និង ការបង្កើតបណ្តាញទំនាក់ទំនងជាមួយអង្គការអន្តរជាតិ (Local and International GNOs Linkages) និងទីផ្សារកសិផល ៤-ការកសាងហេដ្ឋារចនាសម្ព័នឆ្លើយតបទៅនឹងតំបន់ផលិតផលិតផលកសិកម្ម៥- ការវិនិយោគលើកសិ-ពាណិជ្ជកម្ម និង៦- ការបង្កើតអង្គភាពទំនាក់ទំនងសម្រាប់សម្របសម្រួលការងារកសិកម្មជាមួយក្រសួងពាក់ព័ន្ធ។

ទាកទិននឹងការលើកឡើងនេះដែរ លោក វេង សាខុន បានឯកភាពចំពោះការលើកឡើងរបស់ភាគីចិន ជាពិសេសលើការរៀបចំផែនការមេ និងសារៈសំខាន់នៃការអនុវត្ត តាមដាន ត្រួតពិនិត្យ និងវាយតម្លៃ។ យ៉ាងណា លោក ក៏បានស្នើអោយក្រុមការងារនៃភាគីទាំង២សហការគ្នាអោយបានល្អបន្តទៀតដើម្បីរៀបចំផែនការមេនេះឡើង ឲ្យបានចេញជាសកម្មភាពឲ្យបានឆាប់បំផុតដែលអាចធ្វើទៅបាន និងមានប្រសិទ្ធិភាពខ្ពស់សម្រាប់ការអនុវត្ត និងស្របតាមបរិបទនៃការរីកចម្រើននៃសេដ្ឋកិច្ចជាតិ ដើម្បីរួមគ្នាបន្តការអភិវឌ្ឍវិស័យកសិកម្មកម្ពុជាប្រកបដោយចីរភាពនិងនិរន្តរភាព៕