លោក កៅ កោសល អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានលើកទឹកចិត្តដល់អ្នកផលិត និងអ្នកកែច្នៃ បង្កើនការផលិតទំនិញក្នុងស្រុក និងព្យាយាមពង្រីកសមត្ថភាពខ្លួនឯងបន្ថែមទៀត ដើម្បីអភិវឌ្ឍផលិតផលនិងពង្រីកវិសាលភាពខ្សែច្រវាក់ផ្គត់ផ្គង់ទំនិញរបស់ខ្លួន ស្របទៅតាមនិន្នាការទីផ្សារនាពេលបច្ចុប្បន្ន ក៏ដូចជាដើម្បីជំរុញការធ្វើពិពិធកម្មទីផ្សារនាំចេញ និងបង្កើនចំណែកទីផ្សារជាតិ និងអន្តរជាតិ។

ការលើកទឹកចិត្តរបស់ លោក កៅ កោសល បែបនេះនៅក្នុងពិធីបើកសិក្ខាសាលាស្តីពី “ការធ្វើពិពិធកម្មទីផ្សារផលិតផលកម្ពុជា” កាលពីថ្ងៃទី៣១ ខែមីនាកន្លងទៅ។ ដោយការរៀបចំសិក្ខាសាលានេះ មានគោលបំណងសំខាន់ៗ ចំនួន៣ គឺទី១-បង្កើនភាពច្នៃប្រឌិតលើផលិតផលខ្មែរ ទី២-ជំរុញឱ្យមានកំណើនវត្តមានផលិតផលខ្មែរលើទីផ្សារ និងទី៣-បង្កើនការប្រកួតប្រជែងទាំងគុណភាព និងស្តង់ដា។ សិក្ខាសាលានេះ ក៏មានអញ្ជើញចូលរួមពីវាគ្មិនពីវិស័យរដ្ឋ និង ឯកជនចំនួន ៥រូប ដើម្បីចែករំលែកបទពិសោធន៍ និងជំនាញលើប្រធានបទផ្សេងៗគ្នាប្រកបដោយគុណវុឌ្ឍិ។
ក្រៅពីលើកទឹកចិត្តដល់អ្នកផលិត និងអ្នកកែច្នៃ រួចហើយ លោក កៅ កោសល ក៏បានសំណូមពរដល់អ្នកប្រើប្រាស់គ្រប់រូប សូមបន្តចូលរួមគាំទ្រ និង ប្រើប្រាស់ផលិតផលខ្មែរ ដើម្បីលើកទឹកចិត្តដល់ផលិតករអោយខិតខំផលិតប្រកបដោយគុណភាព សុវត្ថិភាព និងស្តង់ដាអនាម័យខ្ពស់ កសាងបាននូវទំនុកចិត្តសម្រាប់បំពេញតម្រូវការអ្នកប្រើប្រាស់ទាំងក្នុងស្រុក និងក្រៅស្រុកផងដែរ៕



