លោកស្រី Ülkü Kocaefe ឯកអគ្គរដ្ឋទូតសាធារណរដ្ឋតួកគី ប្រចាំនៅកម្ពុជា បានលើកឡើងថា បើទោះបីជាពេលនេះលោកស្រី ផុតអាណត្តិការងារឈប់ធ្វើជាឯករដ្ឋទូតប្រចាំកម្ពុជាក៏ពិតមែន ក៏ប៉ុន្តែលោកស្រី នៅតែជាមិត្តរបស់កម្ពុជាអស់មួយជីវិត។

លោកស្រីថ្លែងដូច្នេះ នៅក្នុងជំនួបពេលចូលជួបសម្ដែងការគួរសម និងជម្រាបលា សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ បន្ទាប់ពីលោកស្រីបានបញ្ចប់អាណត្តិបេសកកម្មនៅកម្ពុជា។
នាឱកាសនោះ លោកស្រី Ülkü Kocaefe បានលើកឡើងអំពីសមិទ្ធផលសំខាន់ៗក្នុងអាណត្តិរបស់លោកស្រីសម្រាប់ការពង្រីកនូវទំនាក់ទំនងរវាងកម្ពុជានិងតួកគី នោះគឺសមិទ្ធផលមានដូចជា នៅក្នុងអាណត្តិការងាររបស់លោកស្រីបានបង្កើតនូវការិយាល័យតួកគីនៅកម្ពុជា និងសមិទ្ធផលដ៏សំខាន់ដែលទើបតែសម្រេចបាននៅចុងឆ្នាំ ២០២៥ នោះគឺការបង្កើតនូវជើងហោះហើរតួកគីមកកាន់ព្រះរាជាណាចក្រកម្ពុជា ដែលជាផ្នែកដ៏សំខាន់ក្នុងការពង្រីកនូវទំនាក់ទំនងរវាងកម្ពុជានិងតួកគីឱ្យកាន់តែរីកចម្រើនទាំងនៅក្នុងក្របខ័ណ្ឌពាណិជ្ជកម្មនិងផ្សារភ្ជាប់រវាងប្រជាជននិងប្រជាជន។

លោកស្រីបានសម្ដែងនូវការជាប់ចិត្តចំពោះប្រជាជនកម្ពុជា ជាពិសេសគឺស្នាមញញឹមរបស់ប្រជាជនកម្ពុជាដែលមិនអាចធ្វើឱ្យលោកស្រីបំភ្លេចបានឡើយ។ លោកស្រីក៏បានលើកឡើងថា បើទោះបីជាពេលនេះលោកស្រីផុតអាណត្តិការងារឈប់ធ្វើជាឯករដ្ឋទូតប្រចាំនៅប្រទេសកម្ពុជាក៏ពិតមែន ក៏ប៉ុន្តែលោកស្រីនៅតែជាមិត្តរបស់កម្ពុជាអស់មួយជីវិត នេះជាសារដែលបង្ហាញពីការពេញចិត្តចំពោះប្រទេសកម្ពុជាពីសំណាក់លោកស្រីឯកអគ្គរដ្ឋទូត។
ជុំវិញរឿងនេះ សម្ដេចតេជោ បានសម្ដែងនូវក្តីពេញចិត្តយ៉ាងក្រៃលែងចំពោះពាក្យពេចន៍ដ៏មានអត្ថន័យរបស់លោកស្រីចំពោះការពេញចិត្តប្រជាជនកម្ពុជាក៏ដូចជាជាប្រទេសកម្ពុជា។ សម្ដេចក៏សរសើរតាមរយៈដែលលោកស្រីបានខិតខំបង្កើតឱ្យមានការិយាល័យពាណិជ្ជកម្មវប្បធម៌ និងជើងហោះហើរពីតួកគី ដែលជាចរន្តនៃការគាំទ្រដល់ទំនាក់ទំនងទ្វេភាគីរវាងកម្ពុជានិងតួកគីឱ្យកាន់តែល្អប្រសើរ។ ជាមួយគ្នានេះផងដែរ សម្ដេចតេជោ ក៏បានអរគុណចំពោះតួកគីដែលកន្លងមកបានចូលរួមចំណែកផ្ដល់ជំនួយមនុស្សធម៌ដល់ជនភៀសសឹក។
គួរបញ្ជាក់ថា តាមរយៈជំនួបខាងលើ សម្ដេចតេជោ ក៏បានស្នើឱ្យភាគីតួកគីជួយផ្សព្វផ្សាយពីកម្ពុជាដល់អ្នកវិនិយោគតួកគីដើម្បីមកវិនិយោគ និងមកទស្សនាប្រទេសកម្ពុជាឱ្យកាន់តែច្រើនផងដែរ៕ អត្ថបទ៖ហ្សាលីន


