កម្ពុជា-កូរ៉េ ប្តេជ្ញាពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការយូរអង្វែង ដើម្បីអភិវឌ្ឍវិស័យការងារ និងការកសាងធនធានមនុស្ស

សង្គម​ និង​សេដ្ឋកិច្ច

​ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្ដម គីម ឆាងយ៉ុង ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា នៅទីស្តីការក្រសួង នាព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ ដើម្បីពិភាក្សាពីការលើកកម្ពស់សិទ្ធិពលករ និងពីការស្វែងរកឱកាសបង្កើនកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍធនធានមនុស្ស ការបញ្ជូនកម្លាំងពលកម្ម និងបង្កើតបរិយាកាសកាន់តែប្រសើរដល់អ្នកវិនិយោគ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាឱកាសនោះ ឯកឧត្ដម រដ្ឋមន្រ្តីបានស្វាគមន៍យ៉ាងកក់ក្តៅ និងអបអរសាទរចំពោះឯកឧត្ដម គីម ឆាងយ៉ុង ដែលទទួលបានការតែងតាំងជាឯកអគ្គរដ្ឋទូតកូរ៉េប្រចាំកម្ពុជា ព្រមទាំងបានថ្លែងអំណរគុណចំពោះកូរ៉េដែលតែងតែផ្តល់កូតាទទួលយក និងសម្របសម្រួលផ្តល់ទិដ្ឋាការដល់ពលករខ្មែរ ដើម្បីបានទៅបំពេញការងារទាន់ពេលវេលាតាមតម្រូវការរបស់និយោជកកូរ៉េ ជាពិសេសនៅក្នុងរដូវកាលដ៏មមាញឹកផ្នែកកសិកម្មនៅកូរ៉េ។ ការបើកឱកាសនេះបានធ្វើឱ្យប្រទេសកូរ៉េក្លាយជាក្តីស្រមៃមួយរបស់ពលរដ្ឋកម្ពុជា ដោយសារថៅកែមានចិត្តល្អ ទទួលបានប្រាក់ឈ្នួលខ្ពស់សម្រាប់លើកកម្ពស់ជីវភាពគ្រួសារនិងត្រឡប់មកវិញជាមួយនឹងជំនាញច្បាស់លាស់។

ឯកឧត្ដមបានគូសបញ្ជាក់ពីទំនាក់ទំនងដ៏រឹងមាំ និងការរួមចំណែកដ៏សំខាន់របស់កូរ៉េក្នុងការអភិវឌ្ឍនៅកម្ពុជា ជាពិសេស ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ, ការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ (TVET), សុវត្ថិភាព និងសុខភាពការងារ, ការអភិវឌ្ឍសេវាកម្មការងារ និងប្រព័ន្ធឌីជីថល ក៏ដូចជាវិស័យសន្តិសុខសង្គម និងការស្តារសមត្ថភាពឡើងវិញជាដើម។

ទន្ទឹមនឹងនេះ ឯកឧត្ដមក៏បានលើកឡើងពីកិច្ចខិតខំរួមគ្នារវាងក្រសួងការងារ និងក្រសួងមហាផ្ទៃកម្ពុជាក្នុងការពង្រឹងយន្តការទប់ស្កាត់បទល្មើសអនឡាញ ក៏ដូចជាការរឹតបន្តឹងការចេញបណ្ណការងារដល់ជនបរទេសដែលមិនមានប្រភពក្រុមហ៊ុនច្បាស់លាស់ ដើម្បីកាត់បន្ថយភាពងាយរងគ្រោះក្នុងការកេងប្រវ័ញ្ចកម្លាំងពលកម្មលើជនបរទេស ដែលរួមមានទាំងជនជាតិកូរ៉េផងដែរ។

ជាការឆ្លើយតប ឯកឧត្តម គីម ឆាងយ៉ុង បានវាយតម្លៃខ្ពស់ចំពោះចក្ខុវិស័យដ៏វែងឆ្ងាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងការងារ ដែលកំពុងតែអនុវត្តយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី ១ យ៉ាងសកម្មជាពិសេសលើផ្នែកអភិវឌ្ឍធនធានមនុស្ស។

ឯកឧត្តមឯកអគ្គរដ្ឋទូតបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជា និងឯកឧត្តម ហេង សួរ ដែលបានយកចិត្តទុកដាក់ខ្ពស់ចំពោះអ្នកវិនិយោគ និងពលរដ្ឋកូរ៉េនៅកម្ពុជា ក៏ដូចជាពលករកម្ពុជានៅកូរ៉េ តាមរយៈការអញ្ជើញទៅសួរសុខទុក្ខផ្ទាល់ ដែលបង្ហាញពីមិត្តភាពជាមួយកូរ៉េយ៉ាងពិតប្រាកដ ជាពិសេសការបង្កើតក្រុមការងាររួមកម្ពុជា-កូរ៉េ កាលពីឆ្នាំ ២០២៥។

ដោយមើលឃើញពីភាពជោគជ័យនៃក្រុមការងារនេះ ភាគីទាំងពីរក៏បានឯកភាពគ្នាបង្កើតក្រុមការងារមួយលើយន្តការដែលមានស្រាប់ ដើម្បី ដោះស្រាយបញ្ហាប្រឈមមួយចំនួនរវាងនិយោជក និងកម្មករនិយោជិតផងដែរ។ ភាគីទាំងពីរបានសម្តែងក្តីសោមនស្សរីករាយ សម្រាប់កិច្ចពិភាក្សាប្រកបដោយស្ថាបនា ហើយបានប្តេជ្ញាចិត្តថា នឹងខិតខំបំពេញការងារឱ្យអស់ពីលទ្ធភាព ដើម្បីបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែជិតស្និទ្ធក្នុងវិស័យការងារ ជាមួយនឹងការជឿជាក់យ៉ាងមុតមាំថា ភាពជាដៃគូដ៏រឹងមាំនេះនឹងបន្តនាំមកនូវអត្ថប្រយោជន៍ជាក់ស្តែង និងការអភិវឌ្ឍសម្រាប់ប្រជាជននៃប្រទេសទាំងពីរ៕