លោក Casey Barnett ប្រធានសភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា បាននិយាយថា ព័ត៌មានអន្តរជាតិមានភាពលំអៀងទៅរកប្រទេសថៃក្នុងការផ្សាយព័ត៌មានអំពីការឈ្លានពានរបស់ថៃមកលើប្រទេសកម្ពុជា។

តាមរយៈសំណេរលើបណ្តាញហ្វេសប៊ុករបស់លោក Casey Barnett នាថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦នេះ បានឱ្យដឹងថា ស្ថាប័នព័ត៌មានភាគច្រើនមានមូលដ្ឋាននៅទីក្រុងបាងកក (ឬសិង្ហបុរី) ដែលហ៊ុមព័ទ្ធដោយប្រភពព័ត៌មានថៃ និងស្ទើរតែគ្មានសំឡេងកម្ពុជា។
លោកបន្តថា ដើម្បីទាក់ទាញអ្នកកាសែតបរទេសមកកម្ពុជា កម្ពុជាអាចពិចារណាឡើងវិញអំពីបទប្បញ្ញត្តិស្តីពីការផ្តល់អាជ្ញាប័ណ្ណអ្នកកាសែត។ ដោយលោកបញ្ជាក់ថា សហរដ្ឋអាមេរិកមិនមានតម្រូវការផ្តល់អាជ្ញាប័ណ្ណអ្នកកាសែតទាល់តែសោះ ហើយនោះជាហេតុផលមួយដែលសហរដ្ឋអាមេរិកគ្របដណ្ដប់លើប្រព័ន្ធផ្សព្វផ្សាយព័ត៌មានសកល។
គួរបញ្ជាក់ថា លោក Casey Barnett ប្រធានសភាពាណិជ្ជកម្មអាម៉េរិកប្រចាំកម្ពុជា ធ្លាប់បានលើកឡើងអំពីបញ្ហាភាពលំអៀងនៃព័ត៌មានអន្តរជាតិជុំវិញជម្លោះព្រំដែន និងការឈ្លានពានរបស់ថៃមកលើកម្ពុជាកាលពីចាប់តាំងក្នុងឆ្នាំ ២០២៥។ លោកបានបកអាក្រាតថា ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិហាក់ដូចជាមានភាពលំអៀងខ្លាំងទៅខាងភាគីថៃ ដែលធ្វើឱ្យពិភពលោកមើលឃើញរូបភាពមិនច្បាស់លាស់ពីការពិតនៅសមរភូមិ។

