ស្ថាប័នជំនាញ ជំរុញការប្រើប្រាស់ទិន្នន័យអង្កេតការណ៍ពីផ្កាយរណប និងបញ្ញាសិប្បនិម្មិតនៅកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

ស្ថាប័នជំនាញ បានរួមគ្នារៀបចំសិក្ខាសាលា ដើម្បីជំរុញការប្រើប្រាស់ទិន្នន័យអង្កេតការណ៍ពីផ្កាយរណប និងបញ្ញាសិប្បនិម្មិតនៅកម្ពុជា។សិក្ខាសាលានេះ បានរៀបចំកាលថ្ងៃ ទី២៧ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ហេង សុធី អគ្គនាយក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ ដោយមានសហការរៀបចំដោយក្រសួងសាធារណការ និងដឹកជញ្ជូន វិទ្យាស្ថានបច្ចេកវិទ្យាអាស៊ី (AIT) និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សិក្ខាសាលានេះ ធ្វើឡើងក្រោមអធិបតី លោក ហេង សុធី អគ្គនាយក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ ដោយមានការចូលរួមពី លោកបណ្ឌិត Manzul Kumar Hazarika នាយកមជ្ឈមណ្ឌលព័ត៌មានភូមិសាស្ត្រ នៃវិទ្យាស្ថានបច្ចេកវិទ្យាអាស៊ី លោក-លោកស្រីជាតំណាងមកពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងក្រសួងធនធានទឹក និងឧតុនិយម តំណាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តំណាងក្រសួងអភិវឌ្ឍន៍ជនបទ តំណាងវិទ្យាស្ថានជាតិស្ថិតិ និងតំណាងមកពីអគ្គនាយកដ្ឋានចំណុះក្រសួងសាធារណការ និងដឹកជញ្ជូនជាច្រើនរូបផងដែរ។

សិក្ខាសាលានេះត្រូវបានរៀបចំឡើងក្នុងគោលបំណងពង្រឹងសមត្ថភាពបច្ចេកវិទ្យាជូនដល់មន្រ្តីរាជការឱ្យស្របតាម «ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជាឆ្នាំ២០២១-២០៣៥» ដើម្បីជំរុញការគ្រប់គ្រងវិស័យសាធារណៈកាន់តែមានតម្លាភាព និងប្រសិទ្ធភាពខ្ពស់។

សម្រាប់វិស័យដឹកជញ្ជូនតាមផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ បច្ចេកវិទ្យាផ្កាយរណប និងបញ្ញាសិប្បនិម្មិតគឺជាមធ្យោបាយដែលផ្តល់សារៈសំខាន់ជាច្រើន មានជាអាទិ៍ ១). ការតាមដាន និងព្យាករណ៍ពីស្ថានភាពនៃផ្លូវទឹក និងផ្លូវនាវាចរណ៍ឱ្យកាន់តែមានភាពសុក្រឹត ដែលជួយកាត់បន្ថយការចំណាយ និងពេលវេលាបានយ៉ាងច្រើន ២). ការគ្រប់គ្រងចរាចរណ៍នាវា និងសកម្មភាពកំពង់ផែបានតាមពេលវេលាជាក់ស្តែង (Real-time) ដោយការវិភាគទិន្នន័យពីផ្កាយរណប ដើម្បីធានាសុវត្ថិភាព និងប្រសិទ្ធភាពនៃការដឹកជញ្ជូន ៣). ការកំណត់កូអ័រដោនេទីតាំងភូមិសាស្ត្រ ទីតាំងគម្រោង និងសកម្មភាពនានាបានយ៉ាងសុក្រឹត និងរហ័ស ៤). ទិន្នន័យដែលទទួលបាននឹងជួយឱ្យមន្ត្រីពាក់ព័ន្ធអាចប្រើប្រាស់សម្រាប់ធ្វើការវិភាគ និងជាជំនួយសម្រាប់ការពង្រឹងភាពធន់និងការរៀបចំផែនការហេដ្ឋារចនាសម្ព័ន្ធ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ មាននិរន្តរភាព និងអាចប្រើប្រាស់ក្នុងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ដែលជាបញ្ហាប្រឈមជាសកលនាពេលបច្ចុប្បន្នផងដែរ៕ អត្ថបទ៖ហ្សាលីន