កម្ពុជា-បង់ក្លាដែស ប្តេជ្ញារួមគ្នាជំរុញពាណិជ្ជកម្ម និងពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែខ្លាំងថែមទៀត ដើម្បីជំរុញចរន្តសេដ្ឋកិច្ច និងលើកកម្ពស់ផលប្រយោជន៍ប្រទេសទាំងពីរ។

ការប្តេជ្ញានេះ បានធ្វើឡើងកាលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ ក្នុងជំនួបពិភាក្សាការងាររវាងលោក កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានទទួលជួបពិភាក្សាការងារជាមួយ លោក ម Faiyaz Murshid Kazi ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដែសប្រចាំកម្ពុជា។
ក្នុងជំនួបនេះ ភាគីទាំងពីរ បានពិភាក្សា និងផ្លាស់ប្តូរយោបល់អំពីការជំរុញពាណិជ្ជកម្ម និងពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីព្រមទាំងលើកទឹកចិត្តឱ្យមានការរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាពាណិជ្ជកម្មចម្រុះកម្ពុជា-បង់ក្លាដែស លើកទី១ ក្នុងពេលឆាប់ៗខាងមុខនេះ។

សូមបញ្ជាក់ផងដែរថា កម្ពុជា និងបង់ក្លាដែស បានបង្កើតទំនាក់ទំនងការទូតជាផ្លូវការ ចាប់តាំងពីឆ្នាំ១៩៩៣ មក ដោយគិតមកដល់ឆ្នាំ២០២៦ នេះ មានរយៈពេលប្រមាណ ៣៣ ឆ្នាំ ដែលបានអភិវឌ្ឍទៅជាកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធលើវិស័យជាច្រើន រួមទាំងវិស័យទេសចរណ៍ផងដែរ។ ទន្ទឹមនឺងនេះ ក្នុងរយៈពេល២ខែនៃដើមឆ្នាំ២០២៦ នេះ កម្ពុជា ទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណជាង ៧០០.០០០ នាក់ ក្នុងនោះមានភ្ញៀវទេសចរបង់ក្លាដែសមានចំនួនជាង ៣.០០០នាក់ កើនឡើងប្រមាណជាង ៦០% ប្រៀបធៀបនឹងរយៈពេលនៃឆ្នាំមុន ដែលជាសញ្ញាវិជ្ជមានសម្រាប់ការពង្រីកទីផ្សារទេសចរណ៍រវាងប្រទេសទាំងពីរ៕ នេះបើយោងតាមក្រសួងទេសចរណ៍ កាលពីពេលថ្មីនេះ៕ អត្ថបទ៖ហ្សាលីន


