ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា កម្ពុជានៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះការដោះស្រាយជម្លោះដោយសន្តិវិធីដោយផ្អែកលើច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងដែលមានស្រាប់។ នេះបើយោងតាមប្រសាសន៍របស់ សម្ដេចធិបតី ហ៊ុន ម៉ាណែតក្នុងសន្និសីទសារព័ត៌មាន ស្តីពីលទ្ធផលនៃជំនួបពិភាក្សាត្រីភាគីរវាងហ្វីលីពីន កម្ពុជា និងថៃ នៅទីក្រុងសេប៊ូ ប្រទេសហ្វីលីពីន នាល្ងាចថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៦។

នាឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហាញការជឿជាក់ថាសន្និសីទសារព័ត៌មាន ស្តីពីលទ្ធផលនៃជំនួបពិភាក្សាត្រីភាគីរវាងហ្វីលីពីន កម្ពុជា និងថៃ ជុំវិញបញ្ហាព្រំដែនកម្ពុជា-ថៃ គឺជាមាគ៌ាសន្តិភាពឆ្ពោះទៅរកដំណោះស្រាយដ៏យុត្តិធម៌សម្រាប់ភាគីទាំងពីរ។
បើតាមសម្ដេចធិបតី កម្ពុជានៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះការដោះស្រាយជម្លោះដោយសន្តិវិធីដោយផ្អែកលើច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងដែលមានស្រាប់ រួមទាំងការប្តេជ្ញាចិត្តដែលបានបញ្ជាក់នៅក្នុងសេចក្តីប្រកាសរួមទីក្រុងគូឡាឡាំពួរ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងសេចក្តីថ្លែងការណ៍រួម ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ ២០២៥។ កម្ពុជាត្រៀមខ្លួនរួចជាស្រេចដើម្បីឈានទៅមុខដោយស្ថាបនា រហ័ស និងដោយសុច្ឆន្ទៈ។

ទន្ទឹមនេះ សម្តេចធិបតីថា នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ ក៏បានប្តេជ្ញាចិត្តរួមគ្នាសម្រាប់សន្តិភាពយូរអង្វែង ដោយបានពិភាក្សាអំពីការបន្តឡើងវិញនូវយន្តការដែលមានស្រាប់គឺ JBC, GBC និង RBC នៅពេលដែលរដ្ឋាភិបាលថ្មីរបស់ប្រទេសថៃបានរៀបចំមុខងាររបស់ខ្លួនបានពេញលេញ។
សម្ដេចធិបតីក្នុងនាមប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះតួនាទីដ៏សំខាន់របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) និងសូមថ្លែងអំណរគុណដល់រដ្ឋជាសមាជិកអាស៊ានចំពោះការគាំទ្រ និងការរួមចំណែកជាបន្តបន្ទាប់របស់ពួកគេ។ កម្ពុជាស្វាគមន៍ចំពោះការទទួលយកភាពជាអ្នកដឹកនាំរបស់ប្រទេសហ្វីលីពីនពីប្រទេសម៉ាឡេស៊ី។ ជាថ្មីម្តងទៀត កម្ពុជាបានពង្រីកកិច្ចសហប្រតិបត្តិការពេញលេញ និងអំពាវនាវឱ្យមានការពង្រឹងតួនាទីរបស់ AOT ដើម្បីផ្ទៀងផ្ទាត់ និងធានាការអនុវត្តបទឈប់បាញ់ និងវិធានការដែលបានព្រមព្រៀងទាំងអស់៕ អត្ថបទ៖ហ្សាលីន



