កម្ពុជា និងដៃគូអភិវឌ្ឍន៍ សាទរភាពជោគជ័យនៃការអនុវត្តសាកល្បងកម្មវិធី RPL ដែលបំប្លែងពីបទពិសោធរាប់ឆ្នាំទៅជាវិញ្ញាបនបត្រសម្រាប់អតីតពលករពីប្រទេសថៃ

សង្គម​ និង​សេដ្ឋកិច្ច

លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ លោកស្រី Vladanka Andreeva អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា លោកស្រី Xiaoyan Qian នាយិកាអង្គការ ILO ប្រចាំកម្ពុជា ឡាវ និងថៃ និងតំណាងដៃគូអភិវឌ្ឍន៍ជាច្រើនទៀត បានចុះទស្សនកិច្ចដំណើរការកម្មវិធីការធ្វើតេស្ដទទួលស្គាល់ជំនាញពីមុន (RPL) នៅក្នុងវិទ្យាស្ថានបច្ចេកវិទ្យាបាត់ដំបង (BIT) កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ ដើម្បីសង្កេតមើលការអនុវត្តជាក់ស្តែងនៃ RPL សម្រាប់អតីតពលករក្នុងការបំប្លែងពីបទពិសោធទៅជាវិញ្ញាបនបត្រឱ្យទទួលបានការងារនិងចំណូលកាន់តែល្អប្រសើរ ក៏ដូចជាបញ្ហាប្រឈមក្នុងពេលអនុវត្តផងដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈការសង្កេតផ្ទាល់នេះ បានផ្តល់មកនូវការយល់ដឹងយ៉ាងស៊ីជម្រៅពីផលជះវិជ្ជមានជាក់ស្តែងនៃគំនិតផ្តួចផ្តើមស្នូលពីកម្មវិធី RPL ដែលជាសក្ខីភាពនៃការប្តេជ្ញាចិត្តរួមដ៏យូរអង្វែងរវាងរាជរដ្ឋាភិបាល និងដៃគូ ក្នុងការកសាងសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន ខណៈកម្មវិធីនេះដើរតួនាទីសំខាន់ក្នុងការភ្ជាប់គម្លាតរវាងការអប់រំមូលដ្ឋាន និងការងារប្រកដោយសេចក្តីថ្លៃថ្នូរដល់យុវជនកម្ពុជា ជាពិសេសអតីតពលករ យុវជនក្រៅប្រព័ន្ធសិក្សា និងក្រុមងាយរងគ្រោះ។

អតីតពលករពីប្រទេសថៃជិត ១០០នាក់ (ស្រី ៧នាក់) ទទួលបានវិញ្ញាបនបត្រពីកម្មវិធី RPL នៅវិទ្យាស្ថាន BIT ចាប់តាំងពីដាក់ឱ្យអនុវត្តជាផ្លូវការនាពេលថ្មីៗនេះ ក្នុងនោះពលករចំនួន៥នាក់បានឡើងចែករំលែកបទពិសោធ និងបង្ហាញក្តីរីករាយដែលទទួលបានវិញ្ញាបនបត្របញ្ជាក់ពីសមត្ថភាព និងជំនាញដែលមិនដែលនឹកស្មានដល់នាពេលកន្លងមក។ ពួកគាត់អះអាងថា វិញ្ញាបនបត្រនេះពិតជាសំខាន់និងមានអត្ថប្រយោជន៍ទាំងពេលបច្ចុប្បន្ននិងអនាគត ព្រោះវាធ្វើឱ្យពួកគាត់កាន់តែមានជំនឿចិត្តលើការងារខ្លួនឯងកាន់តែខ្លាំង ជាពិសេសមានឱកាសទទួលបានប្រាក់ឈ្នួលកាន់តែខ្ពស់។ តំណាងឱ្យអ្នកទទួលវិញ្ញាបនបត្រពួកគាត់បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល ក្រសួងការងារ និងដៃគូអភិវឌ្ឍន៍ទាំងអស់ដែលបានផ្តួចផ្តើមគំនិតបង្កើតកម្មវិធីនេះឡើង ហើយពួកគាត់ក៏សំណូមពរឱ្យមានការបន្តពង្រីកកម្មវិធីនេះបន្ថែមទៀតផងដែរ។

លោក ហេង សួរ បានលើកទឹកចិត្តដល់ប្អូនៗឱ្យជួយបន្តផ្សព្វផ្សាយដល់អ្នកជិតខាង និងអតីតពលករដូចគ្នាឱ្យដាក់ពាក្យធ្វើតេស្តប្រឡងទទួលវិញ្ញាបនបត្រពីកម្មវិធី RPL ដោយឥតគិតថ្លៃនេះ តាមរយៈការឧបត្ថម្ភពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ព្រោះថាប្អូនៗជាអ្នកដែលស័ក្តិសមនិងពូកែក្នុងការជួយផ្សាយប្រកបដោយប្រសិទ្ធភាពខ្ពស់ផងដែរ។ បន្ថែមពីនេះ ក្រសួងក៏បានពិចារណាក្នុងការសម្រួលលក្ខខណ្ឌដាក់ពាក្យប្រឡង ជាពិសេសលើកទឹកចិត្តដល់អតីតពលករជាស្រ្តីឱ្យបានកាន់តែច្រើន។