សម្តេចតេជោ ត្រៀមបញ្ជូនចៅៗដែលគ្រប់អាយុបំពេញកាតព្វកិច្ចកងទ័ពអនុវត្តច្បាប់ «កាតព្វកិច្ចយោធា»

សង្គម​ និង​សេដ្ឋកិច្ច

សម្តេចតេជោ ហ៊ុន សែន បានប្រកាសត្រៀមបញ្ជូនចៅៗរបស់សម្តេចដែលគ្រប់អាយុបំពេញកាតព្វកិច្ចកងទ័ពអនុវត្តច្បាប់«កាតព្វកិច្ចយោធា» ខណៈសម្តេចតេជោថា ការអនុវត្តច្បាប់កាតព្វកិច្ចយោធានេះ គឺធ្វើឡើងដោយស្មើភាពគ្នា។នេះបើយោងតាមប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កំពង់ឆ្នាំង កាលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាឱកាសនោះ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្តកំពង់ឆ្នាំងសរុបចំនួន៩៦៦នាក់ ដែលពិធីនេះបានប្រារព្ធឡើងនៅសាលាខេត្តកំពង់ឆ្នាំង។ 

ថ្លែងក្នុងពេលនោះដែរ សម្តេចតេជោ ហ៊ុន ​សែន បានឱ្យដឹងថា សម្តេចបានប្រកាសត្រៀមបញ្ជូនចៅៗរបស់សម្តេចដែលគ្រប់អាយុបំពេញកាតព្វកិច្ចកងទ័ពអនុវត្តច្បាប់«កាតព្វកិច្ចយោធា»។ ការអនុវត្តច្បាប់កាតព្វកិច្ចយោធានេះ គឺធ្វើឡើងដោយស្មើភាពគ្នា ហើយចៅៗរបស់សម្តេចបានត្រៀមអនុវត្តដោយគ្មានការលើកលែងនោះទេ។ សម្តេចតេជោថា ច្បាប់កាតព្វកិច្ចយោធានេះគឺមានវិសាលភាពអនុវត្តលើប្រជាពលរដ្ឋខ្មែរគ្រប់រូបចាប់ពីអាយុ១៨ ឆ្នាំ ដល់២៥ឆ្នាំ ត្រូវតែបំពេញកាតព្វកិច្ចយោធាលើកលែងតែស្ត្រី គឺផ្អែកទៅតាមការស្ម័គ្រចិត្ត។

ជាមួយគ្នានេះ សម្តេចតេជោ ក៏បានរំឭកដល់មន្រ្តីទាំងអស់ត្រូវបន្តរក្សានូវស្ថិរភាពជាតិ និងយកចិត្តទុកដាក់រក្សាសន្តិសុខសណ្ដាប់ធ្នាប់សង្គម ដោយបន្តអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព រួមមាន ការបង្ក្រាបនូវបទល្មើសផ្សេងៗ ដូចជា ចោរឆក់ ចោរប្លន់ ការជួញដូរគ្រឿងញៀន។ សម្តេចតេជោបានបន្តរំឭកដល់អាជ្ញាធរឱ្យបន្តយកចិត្តទុកដាក់លើគ្រួសារយុទ្ធជនជួរមុខ យុទ្ធពលីពិការ និងគ្រួសារអតីតយុទ្ធជន។ សម្តេចបន្តថា ក្នុងនាមជាអ្នកធ្លាប់ប្រឡូកជីវិតជាយុទ្ធជនលើសមរភូមិមួយរូបដែរនោះ សម្តេចបានយល់ច្បាស់ពីការលំបាកទាំងឡាយរបស់យុទ្ធជនក្នុងកិច្ចការពារជាតិ និងទឹកដី។ 

ឆ្លៀតឱកាសនោះ សម្ដេចតេជោក៏បានក្រើនរំឭកដល់មន្ត្រីទាំងអស់ ចៀសវាងភាពអសកម្ម ឬការគៀបសង្កត់ណាមួយ និងត្រូវចាំថា «មន្ត្រីមិនមែនជាចៅហ្វាយរបស់ប្រជាជននោះទេ គឺជាអ្នកបម្រើដ៏ស្មោះត្រង់របស់ប្រជាជន»។ ម្យ៉ាងវិញទៀតចៀសវាងប្ដីសក្ដិ៣ ប្រពន្ធសក្ដិ៤ កូនសក្ដិ៥ ដែលអាចនាំរឿងបង្កបញ្ហាប៉ះពាល់ទឹកចិត្តប្រជាពលរដ្ឋមូលដ្ឋាន៕ អត្ថបទ៖ហ្សាលីន