លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានលើកឡើងថា ការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយប្រសិទ្ធភាព ទាមទារឱ្យមានសាមគ្គីភាព កិច្ចសហការល្អ ការអនុវត្តការងារប្រកបដោយភាពម្ចាស់ការ និងការទទួលខុសត្រូវ។

លោកបានលើកឡើងបែបនេះ នៅក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់ក្រសួងទេសចរណ៍ប្រចាំខែឧសភា និងលើកទិសដៅការងារខែមិថុនា ឆ្នាំ២០២៦ កាលពីថ្ងៃទី២៧ ខែឧសភា ដើម្បីពិនិត្យនិងវាយតម្លៃវឌ្ឍនភាពការងារ ស្តាប់របាយការណ៍ ចំណុចខ្លាំង ចំណុចខ្វះខាត បញ្ហាប្រឈម សំណូមពរ សម្រាប់បន្តជំរុញការអនុវត្តកម្មវិធី និងផែនការសកម្មភាពសំខាន់ៗនៃវិស័យទេសចរណ៍ ឱ្យកាន់តែមានប្រសិទ្ធភាព និងសម្រេចបានលទ្ធផលកាន់តែល្អប្រសើរ។

តាមរយៈកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ ក៏បានពិភាក្សាទៅលើសេចក្តីរាយការណ៍ស្តីពីការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ ជំរឿនមន្ត្រី និង វឌ្ឍនភាពនៃសេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងទេសចរណ៍, សេចក្តីព្រាងគោលការណ៍ណែនាំការប្រឡងប្រណាំងអង្គភាព ស្អាត ឆ្នើម, សេចក្តីរាយការណ៍ស្តីពីការត្រៀមរៀបចំផែនការថវិកាឆ្នាំ២០២៧ និងផែនការយុទ្ធសាស្រ្តថវិកា ២០២៧-២០២៩។
លើសពីនេះ ក៏ពិភាក្សាលើសេចក្តីព្រាងវិធានការគន្លឹះអភិវឌ្ឍន៍ទេសចរណ៍ឧទ្យានជាតិភ្នំគូលែន ២០២៦-២០២៨ ព្រមទាំងលទ្ធផលនៃការចុះតាមដាន ត្រួតពិនិត្យ និង វាយតម្លៃសមិទ្ធកម្ម «បញ្ចប់អណត្តិ» លើការអនុវត្តផែនការអភិវឌ្ឍទេសចរណ៍បច្ចុប្បន្នកម្ម ២០២១-២០២៥ និងការរៀបចំផែនការអភិវឌ្ឍន៍ទេសចរណ៍ ២០២៦-២០៣០ ផងដែរ។


