ឯកឧត្តម ស៊ុន ចាន់ថុល៖ កម្ពុជា ប្តេជ្ញាចិត្តចូលរួមចំណែកកសាងស្ថិរភាព និងកំណើនសេដ្ឋកិច្ចតំបន់

សង្គម​ និង​សេដ្ឋកិច្ច

មន្រ្តីជាន់ខ្ពស់កម្ពុជា ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានលកឡើងថា កម្ពុជា ប្តេជ្ញាក្នុងការចូលរួមចំណែកកសាងស្ថិរភាព និងកំណើនសេដ្ឋកិច្ចតំបន់។ ឯកឧត្តមថ្លែងដូច្នេះ នៅក្នុងឱកាសអញ្ជើញចូលរួមជាតំណាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងវេទិកាលំដាប់អន្តរជាតិ Nikkei Forum លើកទី៣១ ស្តីពី «អនាគតរបស់អាស៊ី» (The Future of Asia) កាលទី១១ ខែមិថុនា ឆ្នាំ២០២៦ នៅជប៉ុន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានរំលេចឡើងនូវយុទ្ធសាស្ត្រ និងការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការចូលរួមចំណែកកសាងស្ថិរភាព និងកំណើនសេដ្ឋកិច្ចតំបន់ តាមរយៈការបង្ហាញទស្សនវិស័យលើការអភិវឌ្ឍតំបន់ដោយ «សន្តិភាព និងនីតិរដ្ឋ» ជាគ្រឹះមិនអាចខ្វះបាន។កម្ពុជាបានបង្ហាញភាពចាស់ទុំខាងការទូតខ្ពស់ ដោយប្រកាសមិនស្វែងរកការប្រឈមមុខដាក់គ្នា ឬការបង្កើនភាពតានតឹងចំពោះបញ្ហាព្រំដែនជាមួយប្រទេសជិតខាងឡើយ។ ចំពោះបញ្ហាតំបន់ទាមទារត្រួតស៊ីគ្នានៅសមុទ្រ (OCA) បន្ទាប់ពីប្រទេសថៃប្រកាសដកខ្លួនជាឯកតោភាគីពី MOU 2001 កម្ពុជាបានជ្រើសរើសការដោះស្រាយតាមយន្តការច្បាប់សមុទ្រអន្តរជាតិ (UNCLOS) តាមរយៈយន្តការផ្សះផ្សារដោយបង្ខំ (Compulsory Conciliation)។

ជាមួយគ្នានេះ ឯកឧត្តមបន្តថា ការលើកកម្ពស់មុខមាត់ជាតិ និងភាពទាក់ទាញតាមរយៈ «ភាពអាចប៉ាន់ប្រមាណទុកជាមុនបាន» នៃបរិយាកាសវិនិយោគ ខណៈឯកឧត្តមថា គុណសម្បត្តិដ៏ធំបំផុតរបស់កម្ពុជាគឺ «ភាពអាចប៉ាន់ប្រមាណទុកជាមុនបាន» (Predictability) ផ្អែកលើតម្លាភាព និងភាពជាដៃគូដ៏គួរឱ្យទុកចិត្ត។ កម្ពុជាបានបង្ហាញពីសក្តានុពលសេដ្ឋកិច្ចដ៏រឹងមាំ និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ក្រោមក្របខណ្ឌច្បាប់វិនិយោគដែលបើកចំហ និងអនុគ្រោះបំផុតមួយនៅអាស៊ី។

តាមរយៈពិធីនេះដែរ ឯកឧត្តម ស៊ុន ចាន់ថុល ក៏បានអះអាងថា ជាសក្ខីកម្មជាក់ស្តែង ក្នុងឆ្នាំ២០២៥ ក.អ.ក. បានអនុម័តគម្រោងវិនិយោគរហូតដល់ ៦៣០ គម្រោង (តម្លៃជាង ១០ ប៊ីលានដុល្លារអាមេរិក) និងក្នុងត្រីមាសទី១ ឆ្នាំ២០២៦ នេះ អនុម័តបានចំនួន ១៤៦ គម្រោង (តម្លៃប្រមាណ ២,៥ ប៊ីលានដុល្លារអាមេរិក)៕