សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាជួបការលំបាកចិនតែងជួយទាន់ពេល,កម្ពុជាដោះស្រាយបញ្ហាអភិវឌ្ឍ តែងគិតដល់ចិនមុនគេ

សង្គម​និង​សេដ្ឋកិច្ច

ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា៖ «នៅពេលដែលភាគីកម្ពុជាកំពុងតែជួបការលំបាក ភាគីចិនតែងផ្តល់ជំនួយយ៉ាងទាន់ពេលវេលា។ នៅពេលដែលភាគីកម្ពុជាកំពុងដោះស្រាយបញ្ហាអភិវឌ្ឍ គឺតែងគិតដល់ភាគីចិនមុនគេជានិច្ច»។ ការថ្លែងអះអាងបែបនេះរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងជំនួបពិភាក្សាងារជាមួយលោក Liu Jianchao រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិមជ្ឈិមបក្សកុម្មុយនីស្តចិន នៅវិមាន៧មករា ទីស្នាក់ការកណ្តាលនៃគណបក្សប្រជាជន ស្ថិតក្នុងខណ្ឌចំការមន កាលពីថ្ងៃទី២៤ ខែសីហា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមសម្តេចតេជោ ភាគីចិនផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដែលសម្រេចបាននូវការស្តារឡើងវិញនិងអភិវឌ្ឍន៍សេដ្ឋកិច្ច។ សម្តេចបន្តថា ភាគីកម្ពុជាប្រកាន់ខ្ជាប់យ៉ាងមុតមាំនូវគោលការណ៍ចិនតែមួយ ប្រឆាំងដាច់ខាតនូវរាល់ពាក្យសម្តីនិងទង្វើណាមួយដែលបំពានលើអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់ចិន នឹងបន្តគាំទ្រចិនយ៉ាងម៉ឺងម៉ាត់ក្នុងការការពារផលប្រយោជន៍ស្នូលរបស់ខ្លួន ហើយគោលជំហរនេះនឹងមិនផ្លាស់ប្តូរមិនថាកាលៈទេសៈណាក៏ដោយ។

សម្តេចតេជោថ្លែងថា ការកសាងសហគមន៍វាសនារួមរវាងកម្ពុជានិងចិន គឺជាជម្រើសដ៏ត្រឹមត្រូវដែលធ្វើឡើងដោយគណបក្ស រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា។

នៅចំពោះមុខរដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិមជ្ឈិមបក្សកុម្មុយនីស្តចិន សម្តេចតេជោ បានគូសបញ្ជាក់ថា ប្រឈមមុខនឹងស្ថានការណ៍ប្រែប្រួលនៃអន្តរជាតិនិងតំបន់និងព្រមទាំងបញ្ហាប្រឈមដ៏ស្មុគស្មាញ កម្ពុជានិងចិនតែងគាំទ្រគ្នាទៅវិញទៅមក រួមគ្នាតបទល់នឹងបញ្ហាប្រឈម រួមគ្នាការពារអធិបតេយ្យភាពនិងឯករាជ្យភាព ការពារសន្តិសុខនិងផលប្រយោជន៍នៃការអភិវឌ្ឍន៍របស់ខ្លួនយ៉ាងមុតមាំ។

សម្តេចបន្ថែមទៀតថា៖ «ចំណងមិត្តភាពដែកថែប រវាងកម្ពុជានិងចិនបានចាក់ឫសគល់យ៉ាងជ្រាលជ្រៅ ពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរមានកំណើនយ៉ាងឆាប់រហ័ស ហើយការកសាងគម្រោងធំៗក្រោមក្របខណ្ឌការកសាងរួមគ្នានូវ“ខ្សែក្រវាត់និងផ្លូវ”បានដំណើរការទៅមុខយ៉ាងរលូននិងសម្រេចបានលទ្ធផលផ្លែផ្កាច្រើនអនេក និងបានផ្តល់ផលប្រយោជន៍ជាក់ស្តែងជូនដល់ប្រជាជនកម្ពុជា»។

សម្តេចតេជោបញ្ជាក់បន្ថែមទៀថា ភាគីកម្ពុជាសង្ឃឹមថានឹងបន្តលើកកម្ពស់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើគ្រប់វិស័យឱ្យកាន់តែស៊ីជម្រៅ ជំរុញការកសាង”ខ្សែក្រវាត់និងផ្លូវ”ឱ្យទទួលបានសមិទ្ធផលផ្លែផ្កាបន្ថែមទៀត៕