លោក សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង នារសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្តបាត់ដំបង បានណែនាំដល់អាជ្ញាធរ កងកម្លាំង និងមន្រ្តីជំនាញត្រូវពង្រឹងការទប់ស្កាត់ និងបង្រ្កាបការនាំចូលសាច់បង្កកខុសច្បាប់ពីប្រទេសថៃចូលមកកម្ពុជា នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបងប្រចាំខែឧសភានិងលើកទិសដៅការងារអនុវត្តន៍បន្ត។

នៅក្នុងឱកាសនោះ លោក សុខ លូ បានរំឭកអំពីប្រសាសន៍ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា ដោយសង្កត់ធ្ងន់ថា ទំនិញដែលចូលមកតាមព្រំដែនគោក គឺសុទ្ធតែជាទំនិញខុសច្បាប់ទាំងអស់ព្រោះច្រកទ្វារព្រំដែនគោករវាងប្រទេសកម្ពុជា និងថៃត្រូវបានបិទទាំងស្រុង កាលពីឆ្នាំ២០២៥។
ក្នុងន័យនេះ លោកបានដាក់បទបញ្ជាឱ្យគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកជាប់ព្រំដែនជាមួយប្រទេសថៃត្រូវពង្រឹងការទប់ស្កាត់ និងបង្រ្កាបការរត់ពន្ធទំនិញឆ្លងដែនខុសច្បាប់ និងការនាំមនុស្សឆ្លងដែនខុសច្បាប់ឱ្យមានប្រសិទ្ធភាពបំផុត។ ជាមួយគ្នានោះ លោកបានណែនាំដល់អាជ្ញាធរ កងកម្លាំង និងមន្រ្តីជំនាញត្រូវពង្រឹងការទប់ស្កាត់ និងបង្រ្កាបការនាំចូលសាច់បង្កកខុសច្បាប់ពីប្រទេសថៃចូលមកកម្ពុជាដោយត្រូវចុះត្រួតពិនិត្យជាប្រចាំនៅតាមទី តាំងដែលមានការរក្សាទុក និងចែកចាយសាច់បង្កក។
លោក បានក្រើនរំឭកដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវបំផុសស្មារតីជាតិនិយមដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានឱ្យបន្តចូលរួមពហិកាទំនិញថៃ និងរួបរួមគ្នាចូលរួមគាំទ្រផលិតផលខ្មែរឱ្យបានផុសផុល។ លោកបានដាស់តឿនដល់អាជ្ញាធរ ក្រុង ស្រុក ត្រូវបន្តយកចិត្តទុកដាក់តាមដាន និងទប់ស្កាត់ឱ្យបានជាដាច់ខាតមិនឱ្យមានករណីស្គែមអនឡាញកើតឡើងនៅតាមមូលដ្ឋានរបស់ខ្លួនឡើយ។

សូមជម្រាបថា ក្នុងរយៈពេលពេញមួយខែកន្លងមកនេះសភាពការណ៍ជារួមទាំងនៅក្នុងខេត្ត និងតំបន់ព្រំដែនមានភាពស្ងប់ស្ងាត់ ពុំមានសកម្មភាពអ្វីកត់សម្គាល់ដោយរក្សាបាននូវបរិយាកាសសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយល្អ។ ចំពោះបទល្មើសគ្រប់ប្រភេទត្រូវបានបង្ការទប់ស្កាត់ និងបង្ក្រាបឃាត់ខ្លួនជនសង្ស័យកសាងសំណុំរឿងបញ្ជូនទៅអនុវត្តតាមច្បាប់។
យុទ្ធនាការប្រយុទ្ធ ប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាត្រូវបានប្រតិបត្តិការបង្ក្រាបទប់ស្កាត់យ៉ាងមានប្រសិទ្ធភាព៕

