សម្តេចធិបតី៖ ព្រឹត្តិការណ៍មហាសន្និបាតកាយឫទ្ធិនារីពិភពលោក បង្ហាញពីតួនាទីកាន់តែសកម្មរបស់កម្ពុជាលើឆាកអន្តរជាតិ

សង្គម​ និង​សេដ្ឋកិច្ច

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញចូលរួមបើកមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និង កិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society (OB-PS) ឆ្នាំ២០២៦។ សម្តេចធិបតី បានចាត់ទុកថា ព្រឹត្តិការណ៍មហាសន្និបាតកាយឫទ្ធិនារីពិភពលោកដែលកម្ពុជាទទួលបានកិត្តិយសធ្វើជាម្ចាស់ផ្ទះនាពេលនេះ គឺបង្ហាញពីតួនាទីកាន់តែសកម្មរបស់កម្ពុជាលើឆាកអន្តរជាតិ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងក្នុងឱកាសបើព្រឹទ្ធិការ នាព្រឹកថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ២០២៦នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា កម្ពុជាទទួលបានកិត្តិយសធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ មហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និង កិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society (OB-PS) ឆ្នាំ២០២៦ ដោយមាន ប្រតិភូ WAGGGS ចូលរួមពីតំណាងប្រទេសជាសមាជិកជាង ៨៥ ប្រទេស។

សម្តេចធិបតី បន្តថា នេះជាការឆ្លុះបញ្ចាំងពីការជឿទុកចិត្ត ការទទួលស្គាល់ និងការគាំទ្រពីសហគមន៍អន្តរជាតិចំពោះព្រះរាជាណាចក្រកម្ពុជា។ ជាពិសេស ការជ្រើសរើសកម្ពុជាជាម្ចាស់ផ្ទះ បានបង្ហាញពីតួនាទីកាន់តែសកម្មរបស់កម្ពុជាលើឆាកអន្តរជាតិ ក្រោមបរិយាកាសសន្តិភាព ស្ថិរភាព សុវត្ថិភាព និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ។

ជាមួយគ្នានេះ សម្តេចធិបតី បានបន្ថែមថា ការរៀបចំព្រឹត្តិការណ៍នេះនៅកម្ពុជា មិនត្រឹមតែជាកិត្តិយសសម្រាប់សមាគមកាយឫទ្ធិនារីកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែគឺជាកិត្តិយសសម្រាប់ប្រជាជនកម្ពុជាទាំងមូល ដែលបានទទួលស្វាគមន៍ មិត្តភក្តិអន្តរជាតិ ក្រុមកាយឫទ្ធិនារី ថ្នាក់ដឹកនាំស្ត្រី យុវនារី អ្នកគាំទ្រ និងដៃគូអភិវឌ្ឍមកពីបណ្តាប្រទេសនៅជុំវិញពិភពលោក។

សូមជម្រាបដែរថា សន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ ប្រចាំឆ្នាំ២០២៦ ដែលកំពុងធ្វើនៅខេត្តសៀមរាប ប្រទេសកម្ពុជានាពេលនេះ បានរៀបចំឡើងក្រោមប្រធានបទ “We See, We Care, We Act” ដែលយើងអាចយល់ជាភាសាខ្មែរថា “យើងឃើញ, យើងយកចិត្តទុកដាក់, យើងរួមគ្នាធ្វើសកម្មភាព”៕ អត្ថបទ៖ហ្សាលីន