កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ លោក ឃុន សាវឿន រដ្ឋលេខាធិការ ដឹកនាំក្នុងពិធី «លែងកូនក្តាមសេះចំនួនជាង ៨សែនក្បាល» ចូលទៅក្នុងតំបន់សមុទ្រ នៃសហគមន៍នេសាទចំនួន៥ នៅខេត្តកំពតមានដូចជា៖ សហគមន៍នេសាទព្រែកត្នោត ត្រពាំងរពៅ ទទឹងថ្ងៃ ចង្ហោន និងសហគមន៍នេសាទកែបថ្មី។

ពិធីលែងកូនក្តាមនោះ ក៏មានការចូលរួមពីលោកស្រី ងិន សូនាថ អនុរដ្ឋលេខាធិការ លោកស្រី Rebekah Bell ប្រធានអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិប្រចាំកម្ពុជា (FAO) លោក យន់ ដារិទ្ធ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍វារីវប្បកម្ម តំណាងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពត ខណ្ឌជលផលខេត្ត អាជ្ញាធរមូលដ្ឋាននិងបងប្អូនសហគមន៍នេសាទ។

នាឱកាសនោះ លោក ឃុន សាវឿន បានគូសបញ្ជាក់ថា កូនក្តាមសេះចំនួនជាង៨សែនក្បាល ដែលបានលែងចូលក្នុងសមុទ្រនេះ គឺមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ វារីវប្បកម្មសមុទ្រ (MARDec) បានថែបំប៉នបន្ទាប់ពីភ្ញាស់ពីពងក្តាមធម្មជាតិ។ ការលែងកូនក្តាមសេះ ដើម្បីបង្កើនធនធានជលផលនៅក្នុងធម្មជាតិ សំដៅរួមចំណែកលើកកម្ពស់ជីវភាពរស់នៅ បងប្អូនសហគមន៍នេសាទ ដែលរស់នៅអាស្រ័យផលពីការនេសាទនៅតាមតំបន់ឆ្នេរសមុទ្រ ឱ្យកាន់តែមាននិរន្តរភាពសេដ្ឋកិច្ចក្នុងគ្រួសារ។

លោកក៏បានអំពាវនាវ ដល់ប្រជានេសាទចូលរួមជាមួយអាជ្ញាធរមានសមត្ថកិច្ច ជួយការពារ និងថែរក្សាធនធានជលផល តាមរយៈការប្រើប្រាស់ឧបករណ៍នេសាទតាមច្បាប់កំណត់ ទប់ស្កាត់ការនេសាទខុសច្បាប់ និងជួយការពារជម្រករបស់វារីសត្វ។ ក្នុងករណីនេសាទបានក្តាមពងក្រៅស្នូក សូមលែងចូលក្តាមនោះទៅក្នុងសមុទ្រវិញ ឬប្រគល់ជូនអាជ្ញាធរ សហគមន៍នេសាទដែលនៅជិតបំផុត។
សូមបញ្ជាក់ថា គម្រោងCamAdapt នេះត្រូវបានអនុវត្តដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងបរិស្ថាន ជាមួយនឹងការគាំទ្របច្ចេកទេសពី អង្គការFAO និងថវិកាពីមូលនិធិបរិស្ថានសកល (GEF) Global Environment Facility (GEF) CamAdapt ៕




