គណៈប្រតិភូធុរកិច្ចចិន បានមកជួបពិភាក្សាជាមួយគណៈកម្មាធិការវិនិយោគកម្ពុជា ដើម្បីស្វែងយល់ដឹងឱ្យកាន់តែស៊ីជម្រៅអំពីសក្តានុពល និងបរិយាកាសវិនិយោគនៅកម្ពុជា។ នេះបើយោងតាមជំនួបពិភាក្សារវាងលោក លឹម វិសាល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា ជាមួយគណៈប្រតិភូធុរកិច្ចដែលដឹកនាំដោយ លោក ហេង ពិសាល អគ្គកុងស៊ុលកម្ពុជាប្រចាំខេត្ត Yunnan នៃសាធារណរដ្ឋប្រជាមានិតចិន កាលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦។

ក្នុងជំនួបនោះ លោកអគ្គលេខាធិការរង បានស្វាគមន៍គណៈប្រតិភូធុរកិច្ចទាំងអស់ដែលមកបំពេញទស្សនកិច្ចការងារនៅកម្ពុជា ស្របពេលដែលរាជរដ្ឋាភិបាលកំពុងអនុវត្តយុទ្ធនាការលើកលែងទិដ្ឋាការ (Visa Free) សម្រាប់ភ្ញៀវទេសចរចិន។ ជាមួយគ្នានេះ លោកបានគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការកែលម្អបរិយាកាសវិនិយោគតាមរយៈការផ្តល់ការលើកទឹកចិត្តប្រកបដោយភាពទាក់ទាញ និងសេវាថែទាំវិនិយោគដោយគ្មានការរើសអើង ព្រមទាំងបានបង្ហាញក្តីសុទិដ្ឋិនិយមថា ដំណើរទស្សនកិច្ចនេះនឹងក្លាយជាមូលដ្ឋានគ្រឹះឈានទៅសម្រេចចិត្តបណ្តាក់ទុនក្នុងពេលដ៏ខ្លីខាងមុខ។

តាមរយៈជំនួបនោះដែរ តំណាងក្រុមហ៊ុនបានថ្លែងអំណរគុណចំពោះការផ្តល់ការពិគ្រោះយោបល់បច្ចេកទេស និងបានបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះធ្វើឡើងក្នុងគោលបំណងស្វែងយល់ពីកាលានុវត្តភាពថ្មីៗ ដើម្បីតភ្ជាប់ខ្សែច្រវាក់ផលិតកម្ម និងបណ្តាក់ទុនវិនិយោគលើអនុវិស័យថ្នាំសម្លាប់សត្វល្អិត។ ភាគីតំណាងក្រុមហ៊ុនក៏បានបង្ហាញការប្តេជ្ញាចិត្តក្នុងការបញ្ចប់ការសិក្សាសមិទ្ធិលទ្ធភាព និងស្វែងរកទីតាំងសមស្រប ដើម្បីបណ្តាក់ទុនវិនិយោគនៅកម្ពុជានាពេលខាងមុខ៕ អត្ថបទ៖ហ្សាលីន

